(ភ្នំពេញ)៖ ក្នុងព្រះរាជសារ នៅក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំ រដ្ឋសភា លើកទី៥ នីតិកាលទី៥ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេចសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងសេចក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរ ពិធីបើកបវេសនកាល រដ្ឋសភា ដែលប្រារព្ធឡើង ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ។
ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា ការបើកប្រជុំជាទៀងទាត់របស់រដ្ឋសភា ជាកិច្ចការដ៏សំខាន់ រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ នៅក្នុងព្រះរាជាណាចក្រ ប្រជាធិបតេយ្យ សេរីពហុបក្សនៃយើង។ ច្បាប់ទាំងឡាយ ដែលរដ្ឋសភា បានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម។





