(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍អបអរសាទរទិវាគ្រូបង្រៀន ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល»។
តាមសេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា ការអប់រំ គឺជាមធ្យោបាយគ្រឹះ និងសំខាន់បំផុត ដើម្បីជំរុញ និងបង្កើនសមត្ថភាពយុវជនជំនាក់ក្រោយ ឲ្យក្លាយខ្លួនជាអ្នកបន្តវេនក្នុងការរក្សានិរន្តរភាពនៃវឌ្ឍនភាពសង្គម និងការបន្តជំរុញវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ហើយក្នុងបរិបទកម្ពុជា គឺជាការឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។ ដោយបានឆ្លងកាត់បទពិសោធន៍ ដែលស្ទើរមិនមានក្នុងប្រវត្តិសាស្ត្រពិភពលោក នៃការសម្លាប់រង្គាលលើបញ្ញវន្ត ជាពិសេសលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ក្នុងរបបខ្មែរក្រហម កម្ពុជាយល់យ៉ាងច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន ដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយនិរន្តរភាពដោយឈរលើចំណេះដឹង តម្លៃ និងសីលធម៌។



