(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចកាត់តំបន់មួយចំនួននៃក្រុងតាខ្មៅ ខេត្តកណ្តាលទំហំ ៣០២ហិកតា មកជាចំណុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោរ ដើម្បីដោះស្រាយ និងសម្រួលដល់ការអនុវត្តប្លង់មេសម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជាសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការងារសង្គមផ្សេងៗ។
ក្នុងលិខិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានឲ្យដឹងថា ផ្ទៃដីដែលត្រូវបានកាត់មានចំនួន ៥ភូមិ គឺភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ (សង្កាត់ដើមមៀន) ភូមិព្រែកអញ្ចាញ (សង្កាត់ព្រែកឬស្សី) ភូមិព្រែកឡុង (សង្កាត់តាក្ដុល) និងភូមិបត្តាជី (សង្កាត់ព្រែកហូរ)។
ជាមួយគ្នានេះ រដ្ឋាភិបាលនឹងកាត់យកផ្ទៃដី ២ហិកតា ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលវិញ៕




