(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នេះ បានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ នូវសេចក្តីព្រាងច្បាប់ចំនួនពីរ មានសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងទី២ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរ។
បន្ទាប់មក កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័ត កំណត់កាលបរិច្ឆេទ ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដោយមានរបៀបវារៈ ចំនួន៦ រួមមាន៖
១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
២-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី សេវាកម្ម។
៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។
៤-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
៥-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៦-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរ៕



