សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២១ ទៅដល់​រដ្ឋសភា ហើយ​!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។ របៀបវារៈ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​នេះ គឺ​ការពិនិត្យ​សំណើសុំ​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។ 

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា​នេះ សម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១ ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា គឺ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ដែលមាន​ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ជា​ប្រធាន ដើម្បី​ពិនិត្យ​សិក្សា មុននឹង​បញ្ជូន​ត្រឡប់​មកកាន់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រាប់​កំណត់​ថ្ងៃ​បើក​កិច្ចប្រជុំ​រដ្ឋសភា ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​នេះ ទុកជា​ការប្រញាប់ នាពេល​ឆាប់ៗ​នេះ​។​

​សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២១ ត្រូវបាន​រាជរដ្ឋាភិបាល បញ្ជូន​ទៅកាន់​រដ្ឋសភា កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​។​

​សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២១ ដែល​គណៈរដ្ឋមន្ត្រី ប្រជុំ​អនុម័ត កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែតុលា ឆ្នាំ​២០២០ បង្ហាញថា នៅ​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល គ្រោង​នឹង​ចំណាយ ចំនួន ៣០ ៤៩១ ៣៣៦ លាន​រៀល ស្មើ​ប្រមាណ ៧៥០០ លាន​ដុល្លារ​អាមេរិក ត្រូវជា ២៥,៨៥% នៃ​ផ​.​ស​.​ស ដែល​ថយចុះ ១,៩% ធៀប​នឹង​ឆ្នាំ​២០២០​។ 

​នៅ​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល គ្រោង​នឹង​ចំណាយ​ថវិកា​ដល់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់ ចំនួន ២ ៥៧៨ ៨៥៦ លាន​រៀល ស្មើ​ប្រមាណ ៦៣៤ លាន​ដុល្លារ​អាមេរិក ថយចុះ ២២,៥% ធៀប​នឹង​ឆ្នាំ​២០២០​។​

​នៅ​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល បានកំណត់​ទំហំ​នៃ​ការខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍ ក្នុង​កម្រិត ១៥០០ លាន​អេ​ដេ​អ៊ែ ( SDR ) គឺ​កើនឡើង ១០០​លាន​SDR ធៀប​នឹង​ឆ្នាំ​២០២០​។​

​ក្នុង​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល សម្រេច​ថា បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នឹងត្រូវ​រក្សា​កម្រិត ឆ្នាំ​២០២០ ដើម្បី​សន្សំ​ថវិកា សម្រាប់​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ និង​គ្រោះមហន្តរាយ​ទឹកជំនន់​រដូវវស្សា ឆ្នាំ​២០២០​។​

​ក្នុង​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ថា ប្រាក់​បំណាច់​របស់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ក៏ដូចជា​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​មន្ត្រី​ភូមិ នឹងត្រូវ​បាន​រក្សា​ស្មើនឹង​កម្រិត​ឆ្នាំ​២០២០​។​

​រាជរដ្ឋាភិបាល បានប្រកាសថា ថវិកា​ឆ្នាំ​២០២១ គឺជា​ថវិកា​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន ព្រម​ជាមួយនឹង​ការតម្រង់​ធនធាន ឆ្ពោះទៅ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ នៅក្រោយពេល​ស្រាកស្រាន្ត​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតី​ថ្មី ដើម្បី​ធានា​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច ព្រមទាំង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាមួយនឹង​ការបន្ត​លើកស្ទួយ​សុខុមាលភាព​របស់​ប្រជាជន​។​

​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១ ឬ​ថវិកាជាតិ ឆ្នាំ​២០២១ ត្រូវបាន​រៀបចំឡើង ដោយមាន ៦​ជំពូក និង ១៥​មាត្រា​៕​

អត្ថបទដែលជាប់ទាក់ទង
តាមការព្យាករណ៍នៅឆ្នាំ២០២០ ​ទេសចរអន្តរជាតិថយចុះ ៨០ភាគរយ ​និងជាតិថយចុះ ២០ភាគរយ ​ដោយសារបញ្ហាកូវីដ១៩ ​
ព័ត៌មានជាតិ
​ទទួលបញ្ជាពីសម្តេចតេជោ ហ៊ុន សែន! រដ្ឋមន្ត្រីកសិកម្មចាប់ផ្តើមចេញបេសកកម្មបន្ទាន់ ​​ចុះវាយតម្លៃលើផលប៉ះពាល់ និងខូចខាតដំណាំជារួម ក្នុងខេត្តចំនួន៤​
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង ក្រាបបង្គំ​ថ្វាយព្រះពរ​ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​
ព័ត៌មានជាតិ
គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ទទួល​អំណោយ ជា​ជែ​ល​លាងដៃ ពី​ក្រុមហ៊ុន សា​រ៉ា​យ៉ា ខេ​ម​បូ​ឌា ខូ​ល​អិ​ល​ធី​ឌី
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល៩ខែ
ព័ត៌មានជាតិ
រដ្ឋសភា កំណត់​ថ្ងៃទី​២ ខែវិច្ឆិកា បន្ត​សម័យប្រជុំ​ពេញអង្គ លើក​ទី​៥ នីតិកាល​ទី​៦ ដើម្បី​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី