(ភ្នំពេញ)៖ ដោយសារតែបុគ្គលិក និងកម្មកររបស់ក្រុមហ៊ុន ស៊ីនទ្រី កំពុងធ្វើកូដកម្ម មិនប្រមូលសំរាម ចាប់តាំងពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ មក រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌ ទាំង ១៤ សង្កាត់ទាំង ១០៥ រួមទាំងភ្នាក់ងារអនាម័យចំនួន ០២នាក់ ក្នុងមួយសង្កាត់ ចេញអន្តរាគមន៍ប្រមូលសំរាម នៅរាជធានីភ្នំពេញ។
រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមឱ្យបានត្រឹមត្រូវតាមកម្មវិធី។
កម្មករក្រុមហ៊ុនស៊ីនទ្រី ធ្វើកូដកម្ម មិនធ្វើការ ដើម្បីទាមទារឲ្យក្រុមហ៊ុន ស៊ីនទ្រី ដោះស្រាយនូវប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ និងការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។
ចំពោះការទាមទារទាំងនេះ ត្រូវបានសាលារាជធានីភ្នំពេញ បញ្ជាក់ក្នុងលិខិតជូនដំណឹង កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ថា ការទាមទារខាងលើនេះ លុះត្រាតែក្រុមហ៊ុន បានបញ្ចប់ការងាររបស់ពួកគាត់ ប៉ុន្តែជាក់ស្តែង ក្រុមហ៊ុន ពុំបានបញ្ចប់ការងាររបស់ពួកគាត់ទេ ក្រុមហ៊ុន កំពុងតែដំណើរការធម្មតា ដូច្នេះការទាមទាររបស់កម្មករក្រុមហ៊ុន ស៊ីនទ្រី នេះ មិនស្របតាមច្បាប់ ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តទេ។
ក្នុងសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពាវនាវដល់បងប្អូនកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី បញ្ចប់ការធ្វើកូដកម្ម ដោយយកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌ ដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមជាតាមធម្មតាវិញ យ៉ាងយូរបំផុត នៅថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ ជាកំហិត។ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួលយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ។
សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដកសិទ្ធិប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ ពីក្រុមហ៊ុនស៊ីនទ្រី ហើយណែនាំឲ្យសាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំជ្រើសរើសក្រុមហ៊ុនឯកជន ចំនួន ៤ ដើម្បីបែងចែកតំបន់ប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ ជា ៤ តំបន់ផងដែរ។ ក្នុងនោះ ក្រុមហ៊ុន ស៊ីនទ្រី ក៏អាចដាក់ពាក្យ ចូលរួមប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ បានដែរ។
មកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ លទ្ធផលនៃការជ្រើសរើសក្រុមហ៊ុនឯកជន ដើម្បីប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ តាមរយៈការបែងចែកតំបន់នោះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។
ក្នុងដំណាក់កាលអន្តរកាល ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ គឺសាលារាជធានីភ្នំពេញ បានបង្កើតអង្គភាពមួយ ដើម្បីគ្រប់គ្រងកាកសំណល់ និងសំរាម ហើយបានប្រើប្រាស់ក្រុមហ៊ុនស៊ីនទ្រី ដើម្បីបន្តប្រមូល និងដឹកជញ្ជូនសំរាម ដដែល។ តែលុយថ្លៃសំរាម គឺសាលារាជធានីភ្នំពេញ ជាអ្នកទទួល៕



