(បន្ទាយមានជ័យ)៖ «ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្តអញ្ជើញជួបសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់គោលដៅទី២ ចំនួន៥ពាន់គ្រួសារ ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែតុលានេះ។
ក្នុងដំណាក់កាលនៃជម្ងឺកូវីដ១៩នេះ សម្តេចតេជោ នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូងការពារខ្លួនជាប់ជាប្រចាំ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខភាពជាអោយបានល្អ ជាពិសេសការការពារការចម្លងការរីករាលដាលជំងឺកូវី១៩ ក៏ដូចជាជំងឺអសន្នរោគផ្សេងៗ ដែលអាចកើតមានឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង៕




