(ខេត្តបន្ទាយមានជ័យ)៖ ក្នុងពេលអញ្ជើញបន្តជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងក្រុមមួយចំនួន ដែលលើកឡើងថា នៅកម្ពុជាសព្វថ្ងៃ មិនទាន់មានសន្តិភាពផ្លូវចិត្តទេ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើចង់មានសន្តិភាពខាងផ្លូវចិត្ត សូមកុំធ្វើអ្វីឲ្យខុស រាប់ទាំងអំពើខុសច្បាប់ និងខុសសីលធម៌ប្តីប្រពន្ធ ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្លះថា កម្ពុជាមិនទាន់មានសន្តិភាពខាងផ្លូវចិត្តទេ។ គេថា សន្តិភាព ទាល់តែមានទាំងអស់។ វាមានសន្តិភាព ទាំងរូបិយ និងទាំងអរូបិយ។ គេចង់និយាយថា គេមិនទាន់មានសន្តិភាពខាងផ្លូវចិត្តទេ។ ខ្ញុំគ្រាន់តែចង់ថាត្រឡប់ទៅវិញថា បើចង់មានសន្តិភាពខាងផ្លូវចិត្ត កុំធ្វើអីឲ្យខុស។ អាហ្នឹង វាមានសន្តិភាពហើយ! ហើយបើខ្លួនឯងធ្វើខុសច្បាប់។ ខ្លួនឯង នៅតែភ័យខ្លាចរហូត»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «សន្តិភាពផ្លូវចិត្ត មិនមែនរាប់តែប្រជាពលរដ្ឋ ដែលអនុវត្តខុសជាមួយនឹងច្បាប់របស់រដ្ឋទេ! បុរសដែលក្បត់ប្រពន្ធ ក៏អត់មានសន្តិភាពខាងផ្លូវចិត្តដែរ! ក្រែងលោ ប្រពន្ធដឹង! ស្ត្រីដែលមានសហាយ ក៏មិនមានសន្តិភាពផ្លូវចិត្តដែរ ក្រែងលោ ប្តីដឹង! អីចឹងឲ្យតែកាលណាធ្វើខុស គឺអត់មានសន្តិភាពផ្លូវចិត្តទេ។ អាហ្នឹង ខ្ញុំគ្រាន់តែចង់ផ្តាំថា បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើអីដែលខុស! មិនថា ជាកំហុសទៅលើផ្លូវរដ្ឋ ឬកំហុសទៅលើបញ្ហាសាសនា ឬកំហុសលើបញ្ហានៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែអ្វីដែលប្រាកដ គឺរូបិយនេះ សន្តិភាពរូបិយ គឺគ្មានការប្រយុទ្ធវ៉ៃគ្នាទេ ហើយយើងកំពុងតែបំផ្លាញចោលគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ដើម្បីរក្សាសុវត្ថិភាពប្រជាពលរដ្ឋរបស់យើង»៕



