(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២៣ ខែតុលាថា មិនមានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី ទេ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ ពោលគឺចាប់តាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីឡើយ។
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា គឺរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៦នាក់ ក្នុងនោះ ២៨០នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ចំនួន ៦នាក់ គឺបុរសជនជាតិឥណ្ឌូនេស៊ី ម្នាក់ បុរសជនជាតិខ្មែរ ២នាក់ ស្ត្រីជនជាតិខ្មែរ ម្នាក់ ស្ត្រីជនជាតិបារាំង ម្នាក់ និងបុរសជនជាតិប៉ូឡូញ ម្នាក់៕




