សម្តេច​តេ​ជោ ហ៊ុន សែន​៖ អ្វីដែល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ចង់បាន តែ​អ៊ុនតាក់ សម្រេច​មិនបាន គឺ​ចាយលុយ​អស់​ជាង ២​ពាន់​លាន​ដុល្លារ ដក​ត្រឡប់​ទៅវិញ ទុក​ឲ្យ​កម្ពុជា នៅ​បន្ត​សង្គ្រាម «​ប្រទេស​១ តំបន់​ត្រួតត្រា​២ និង​រដ្ឋាភិបាល​២»​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ មួយថ្ងៃ មុន​ខួប​លើក​ទី​២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ គឺ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា អ្វីដែល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ចង់បាន តែ​អ៊ុនតាក់ សម្រេច​មិនបាន គឺ​ចាយលុយ​អស់​ជាង ២​ពាន់​លាន​ដុល្លារ ដក​ត្រឡប់​ទៅវិញ ទុក​ឲ្យ​កម្ពុជា នៅ​បន្ត​សង្គ្រាម «​ប្រទេស​១ តំបន់​ត្រួតត្រា​២ និង​រដ្ឋាភិបាល​២»​។​

​ក្នុងពេល​អញ្ជើញ​បន្ត​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​នៅ​ថ្ងៃស្អែក​នេះ ជា​ខួប​លើក​ទី​២៩ នៃ​កិច្ចព្រមព្រៀង​ប៉ារីស​។ យើង​ក៏​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​។ ប៉ុន្តែ​អ្វីដែល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ចង់បាន តែ​អ៊ុនតាក់ មិនអាច​សម្រេចបាន គឺ​ក្រោយពេល​អ៊ុនតាក់ ចាយលុយ​អស់​ជាង ២​ពាន់​លាន​ដុល្លារ ដក​ត្រឡប់​ទៅវិញ ទុក​ឲ្យ​កម្ពុជា នៅ​បន្ត​សង្គ្រាម «​ប្រទេស​១ តំបន់​ត្រួតត្រា​២ និង​រដ្ឋាភិបាល​២»​។ ត្រូវ​ចាំ​អា​កន្លែង​ហ្នឹង​!»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រម្លឹក​បន្ថែមថា «​មុន​ការបោះឆ្នោត ឆ្នាំ​១៩៩៣ ប្រទេស​កម្ពុជា មាន​តំបន់​ត្រួតត្រា​៤​។ ត្រួតត្រា​ដោយ​រដ្ឋាភិបាល ពេលនោះ ជា​សាធារណរដ្ឋ​កម្ពុជា ក្រោយ​មកជា រដ្ឋ​កម្ពុជា ដែលមាន​ខ្ញុំ ជា​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​។ តំបន់​នេះ ( ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ) គ្រប់គ្រង​ដោយ​ហ្វ៊ុនស៊ិនប៉ិច​។ តំបន់​ម្ខាង​ទៀត ( ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ) គ្រប់គ្រង​ដោយ​លោកតា សឺ​ន សាន​។ ( តំបន់​មួយទៀត គ្រប់គ្រង​ដោយ​ខ្មែរក្រហម )​។ យើង​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អនុញ្ញាត​ឲ្យ​ភាគី ៣ ចូលរួម​ការបោះឆ្នោត ធ្វើ​រដ្ឋាភិបាល​។ ប៉ុន្តែ​អ៊ុនតាក់ ចាយលុយ ២​ពាន់​លាន​! អត់​ធ្វើ​អី​ខ្មែរក្រហម បានទេ​! អីចឹង នៅសល់តែ​នយោបាយ​ឈ្នះ​ឈ្នះ​តែ​ប៉ុណ្ណឹង​!»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ជា​ឱសថ​ទិ​ព្ធ ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​សង្គ្រាម​មិនចេះចប់​មិនចេះហើយ រាប់រយឆ្នាំ បានបញ្ចប់​នៅក្នុង​ឆ្នាំ​១៩៩៨ ដែល​ឥឡូវ យើង​យក​ថ្ងៃទី​២៩ ខែធ្នូ ជា​ទិវា​រម្លឹក​នៃ​ការបញ្ចប់​សង្គ្រាម និង​ការឯកភាព​ទឹកដី ជា​លើកដំបូង នៅក្នុង​ប្រវត្តិសាស្ត្រ​»​។​

​កិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយ​នយោបាយ​រួមមួយ នៃ​ជំលោះ​កម្ពុជា ហៅ​កាត់​ថា "

​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​" ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ កិច្ចព្រមព្រៀង​នេះ បាន​ឈានដល់​ការបញ្ចប់​សង្គ្រាមស៊ីវិល​រវាង​ខ្មែរ និង​ខ្មែរ​។​

​សូម​រម្លឹកថា កិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយ​នយោបាយ​រួមមួយ នៃ​ជំលោះ​កម្ពុជា ឬ​ហៅ​កាត់​ថា "​កិច្ច​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១" ចុះហត្ថលេខា​ដោយ​ភាគី​ខ្មែរ ចំនួន ៤​ភាគី រួមមាន​៖ ១-​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ២-​ចលនា​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ៣-​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ KNPLF ដឹកនាំ​ដោយ​សម្តេច សឺ​ន សាន និង​៤-​ភាគី​ខ្មែរក្រហម ដឹកនាំ​ដោយ​លោក ខៀវ សំផន​។ 

​ក្រៅពីនោះ ក៏មាន​រដ្ឋាភិបាល​ចំនួន ១៩ ប្រទេស បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ រួមមាន​៖ ១-​អូស្ត្រាលី ២-​ប្រ៊ុយណេ ៣-​កាណាដា ៤-​ចិន ៥-​បារាំង ៦-​ឥណ្ឌា ៧-​ឥណ្ឌូនេស៊ី ៨-​ជប៉ុន ៩-​ឡាវ ១០-​ម៉ាឡេស៊ី ១១-​ហ្វី​លី​ពិន ១២-​សិង្ហ​បុរី ១៣-​ថៃ ១៤-​សូ​វៀត ១៥-​ចក្រភព​អង់គ្លេស ១៦-​សហរដ្ឋអាមេរិក ១៧-​វៀតណាម ១៨-​យូ​ហ្គោ​ស្លា​វី និង​១៩-​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។ 

​កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ជា​ទិវា​ជា​ប្រវត្តិសាស្ត្រ ដែល​នាំមក​នូវ​ការបញ្ចប់​ជម្លោះផ្ទៃក្នុង​រវាង​ខ្មែរ និង​ខ្មែរ ការបង្រួបបង្រួម​ជាតិ លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការលើកកម្ពស់​សិទ្ធិមនុស្ស និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​

​កិច្ចព្រមព្រៀង​នេះ ផ្តើមចេញពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១ រវាង​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS និង​លើក​ទី​២ នៅ​ថ្ងៃទី​២០-២១ ខែធ្នូ ឆ្នាំ​១៩៨៨ នៅ SAINT-GERMAIN-EN-LAYE នៅ​ប្រទេស​បារាំង​។​

​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ នាំ​ឲ្យ​កម្ពុជា​យើង ឈានដល់​ការបោះឆ្នោតជាតិ រៀបចំ​ដោយ​អ៊ុនតាក់ កាលពី​ឆ្នាំ​១៩៩៣​។ 

​ក៏ប៉ុន្តែ​ជម្លោះ​ស៊ីវិល​រវាង​ខ្មែរ និង​ខ្មែរ មិនទាន់​បញ្ចប់​ទេ ដោយសារតែ​ការបោះឆ្នោត​នោះ ភាគី​ខ្មែរក្រហម មិន​ចូលរួម​ការបោះឆ្នោត ហើយ​បន្ត​បោះជំរុំ​ជា​កម្លាំង​ឧទ្ទាម​ក្នុងព្រៃ នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ដោយ​សូម្បីតែ​កងកម្លាំង​អ៊ុនតាក់ ក៏​មិនអាច​ចូលទៅក្នុង​ទឹកដី ដែល​កាន់កាប់​ដោយ​ខ្មែរក្រហម​បានឡើយ​។​

​យ៉ាងណាក៏ដោយ សង្គ្រាមស៊ីវិល នៅ​កម្ពុជា ត្រូវ​បានបញ្ចប់​ទាំងស្រុង ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅពេល​កងកម្លាំង​អតីត​ខ្មែរក្រហម ដឹកនាំ​ដោយ​នួន​ជា ខៀវ​សំផន និង​អៀង​សារី បានមក​ចុះចូល​ដល់ផ្ទះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​
ព័ត៌មានជាតិ
Good News៖ ២​ថ្ងៃ ជាប់​គ្នា កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ​ឯកភាពពន្យារពេលលើការប្រមូលពន្ធលើចំណេញមូលធន ​ទៅអនុវត្តនៅដើមឆ្នាំ២០២២​
ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនមួយចំនួនសម្លឹងឃើញកម្ពុជា ​ជាប្រទេសគោលដៅអាទិភាព ​នៅពេលផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន
ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសជប៉ុន ប្រាប់ឯកឧត្តម ប្រាក់ សុខុន តាមទូរស័ព្ទថា ​រដ្ឋាភិបាលថ្មីរបស់ជប៉ុននឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី