រដ្ឋមន្រ្តីការបរទេសជប៉ុន ប្រាប់ឯកឧត្តម ប្រាក់ សុខុន តាមទូរស័ព្ទថា ​រដ្ឋាភិបាលថ្មីរបស់ជប៉ុននឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិនៃកម្ពុជា បានពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។

សេចកី្តប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ ដែលត្រូវបានតែងតាំងសាជាថ្មីជារដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។ ឯកឧត្តម ម៉ូតេហ្គី បានថ្លែងអំណរគុណចំពោះការអបអរសាទរ និងការស្វាគមន៍ ព្រមទាំងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា កាលខែសីហា ឆ្នាំ២០២០ កន្លងទៅ។ ឯកឧត្តម ម៉ូតេហ្គី បានបញ្ជាក់ជាថ្មីម្តងទៀតនូវឆន្ទៈរបស់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជា នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់ជប៉ុន។

ទន្ទឹមនេះ ឯកឧត្តម ម៉ូតេហ្គី បានសម្តែងនូវសមានចិត្តជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ ឯកឧត្តមបានមានប្រសាសន៍ថា ជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាក្នុងការដោះស្រាយការលំបាកនេះ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ឯកឧត្តម ម៉ូតេហ្គី ដែលបានសម្តែងការចូលរួមរំលែកទុក្ខ និងស្ម័គ្រចិត្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

បន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ម៉ូតេហ្គី ឯកឧត្តមលោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយរីករាយ ដែលប្រទេសទាំងពីរកំពុងអនុវត្ត «ច្រកសម្រាប់ការស្នាក់នៅ» សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលលើសពី ១៤ថ្ងៃ និងសង្ឃឹមថា «ច្រកសម្រាប់ធុរកិច្ច» សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលក្រោម ១៤ថ្ងៃ នឹងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ។ 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ចំពោះការផ្តល់ឥណទានសម្បទានចំនួន ២៥ ប៊ីលានយ៉េន (ប្រមាណ ២៣៤,៦លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩ ។

ឯកឧត្តម ម៉ូតេហ្គី បានលើកឡើងថា ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ទីក្រុង និងការចាត់វិធានការចំពោះកាកសំណល់ផ្លាស្ទីកនៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថភាពប្រឆាំងនឹងអំពើភេរវកម្ម។ ជប៉ុនក៏នឹងជួយគាំទ្រកម្ពុជា នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ ២០២២។ លោក ឧបនាយករដ្ឋមន្ត្រីបានអរគុណជប៉ុនចំពោះការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

ក្នុងឱកាសជំនួបតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ព្រមទាំងកំណែទម្រង់អង្គការសហប្រជាជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានបញ្ជាក់ឡើងវិញនូវបំណងប្រាថ្នារួម និងឆន្ទៈដ៏មុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប ២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​
ព័ត៌មានជាតិ
Good News៖ ២​ថ្ងៃ ជាប់​គ្នា កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ​ឯកភាពពន្យារពេលលើការប្រមូលពន្ធលើចំណេញមូលធន ​ទៅអនុវត្តនៅដើមឆ្នាំ២០២២​
ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនមួយចំនួនសម្លឹងឃើញកម្ពុជា ​ជាប្រទេសគោលដៅអាទិភាព ​នៅពេលផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី