(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២១ ខែតុលានេះថា មានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ម្នាក់ទៀត ជាបុរសជនជាតិប៉ូឡូញ អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្តោះអាសន្ន នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានប្រកាសថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសជនជាតិប៉ូឡូញនេះ គឺវិជ្ជមានវិរុសកូវីដ១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងរាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥៤នាក់ ( ស្រី ៣៦នាក់ និងកុមារ ២នាក់ ) ដែលក្នុងចំនួននេះ មានបុរសជនជាតិប៉ូឡូញ អាយុ ៤៧ឆ្នាំ ខាងលើ។ រីឯអ្នកដំណើរ ចំនួន ៥៣នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ៩នាក់ សណ្ឋាគារមួយទៀត ក្នុងរាជធានីភ្នំពេញ ចំនួន ១៧នាក់ សណ្ឋាគារមួយផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ១នាក់ និងនៅមណ្ឌលកងទ័ពអាកាស ចំនួន ២៦នាក់។
គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៦នាក់។ ក្នុងនោះ ២៨០នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ( បុរសជនជាតិឥណ្ឌូនេស៊ី ម្នាក់ បុរសជនជាតិខ្មែរ ២នាក់ ស្ត្រីជនជាតិខ្មែរ ម្នាក់ ស្ត្រីជនជាតិបារាំង ម្នាក់ និងបុរសជនជាតិប៉ូឡូញ ម្នាក់ )៕




