(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលានេះ បានបញ្ជាក់ថា ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឲ្យមានការពិនិត្យព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រដោយគ្រូពេទ្យ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ការទិញថ្នាំមកព្យាបាលខ្លួនឯង និងមានគ្រោះថ្នាក់ដល់អាយុជីវិត។
ចំពោះការផ្សព្វផ្សាយតាមអនឡាញបែបអនាធិបតេយ្យ មិនមានច្បាប់ត្រឹមត្រូវ ក្រសួងសុខាភិបាល សូមអំពាវនាវ ៖
១. ដល់បុគ្គលដែលមានបញ្ហាសុខភាព សូមកុំទិញប្រើប្រាស់ ហើយត្រូវទៅស្វែងរកការពិនិត្យព្យាបាលពីគ្រូពេទ្យជំនាញត្រឹមត្រូវ
២. ជនដែលផ្សាយតាមអនឡាញនូវឱសថ ឬបរិក្ខាពេទ្យ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតែបញ្ឈបជាបន្ទាន់ ហើយក្រសួង និងចាត់ការតាមផ្លូវច្បាប់ជាធរមាន។ ត្រូវគោរពច្បាប់គ្រប់គ្រងឱសថ ដែលមានជាធរមាន ដែលគ្រប់មុខឱសថ ត្រូវតែចុះបញ្ជិកានៅក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយឱសថតាមរូបភាពណាក៏ដោយ ក៏ត្រូវតែមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលដែរ។
៣. ការផ្សាយតាមអនឡាញនេះ តម្រូវឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ សូមកុំជឿតាមការឃោសនា ឬការផ្សាយឱសថនេះឲ្យសោះ ហើយចូលរួមរាយការណ៍ជូនក្រសួងសុខាភិបាលនូវភាពមិនប្រក្រតីទាំងឡាយ ជាមួយនិងប្រភពច្បាស់លាស់ ដើម្បីជាមូលដ្ឋាននៃការស្រាវជ្រាវ និងចាត់វិធានការបានទាន់ពេល។ បើយើងមិនជឿនិងមិនទិញ គឺមិនបារម្ភដល់ហានិភ័យសុខភាព ហើយអ្នកលក់ក៏លក់មិនដាច់យូរៗទៅឈប់ឯងហើយ។
៤. សូមអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផងដែរ។ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប យើងពិបាកតាមរកណាស់ ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយនៅស្រុកគេក៏មានការពិបាកតាមរកដូចគ្នាដែរ។ ដូច្នេះ សំខាន់គឺការចូលរួមពបុគ្គលម្នាក់ៗ កុំជឿ និងកុំទិញ។
ជាមួយគ្នានេះដែរ ក្រសួងក៏កំពុងបន្តស្រាវជ្រាវលើករណីទាំងនេះជាបណ្តើៗ ហើយកន្លងមកក៏បានចាត់ការផាកពិន័យ និងបិទបានមួយចំនួនហើយដែរ៕



