(ខេត្តតាកែវ)៖ ពិធីក្រុងពាលី សុំសេចក្ដីសុខ សម្រាប់ការសាងសង់ដំបូលផ្សារសំរោងយ៉ោងថ្មី ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។ ផ្សារសំរោងយ៉ោង ត្រូវបានភ្លើងឆេះស្ទើរតែទាំងអស់ កាលពីយប់ថ្ងៃបិណ្ឌភ្ជុំ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។
ពិធីក្រុងពាលី សាងសង់ដំបូលផ្សារនេះ បានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយលោកអភិបាលរងខេត្ត មន្ត្រីជំនាញ លោក ភួន ឈីម អភិបាលស្រុកបាទី លោកលោកស្រីអភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការរដ្ឋបាលស្រុក និងបងប្អូនក្រុមអាជីវករជាច្រើនទៀត។
ក្នុងឱកាសចុះអុសធូបរៀបចំពិធីសែនក្រុងពាលីនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានណែនាំដល់មេការ និងជាងទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើពិនិត្យ និងតាមដានគុណភាពសំណង់ ឲ្យបានត្រឹមត្រូវតាមស្ដង់បច្ចេកទេស ព្រមទាំងពន្លឿនការសាងសង់ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឲ្យបានបងប្អូនក្រុមអាជីវករ ចូលលក់ដូរវិញ បានឆាប់រហ័ស។
សូមបញ្ជាក់ថា ចំពោះការសាងសង់ដំបូលផ្សារសំរោងយ៉ោងថ្មីនេះ ត្រូវបានធ្វើឡើងក្រោមការជួយឧបត្ថម្ភរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរបណ្តោះអាសន្ន។
គួររម្លឹកថា អគ្គិភ័យ បានឆាបឆេះផ្សារសំរោងយ៉ោង នៅស្រុកបាទី កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បំផ្លាញតូបរបស់អាជីវករអស់ ២៣០តូប គិតជាទឹកប្រាក់ជាង ២លានដុល្លារ និងសមត្ថកិច្ច បានប្រើប្រាស់ទឹកជិត ១០០ឡាន ទើបគ្រប់គ្រងបាន។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យទាំងអស់នោះ រួមមាន៖ មកពី ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ១១គ្រឿង អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ៤គ្រឿង កងពលតូចលេខ៧ ចំនួន ០៣គ្រឿង ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន ០២គ្រឿង អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចំនួន ០២គ្រឿង ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ០៣គ្រឿង និងស្រាបៀកម្ពុជា ចំនួន ០១គ្រឿង៕







