(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិត ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ សម្រេចចុះឈ្មោះ គណបក្ស ឯកភាពជាតិខ្មែរ ចូលក្នុងបញ្ជីគណបក្សនយោបាយ។ គណបក្សថ្មីនេះ មានលោក នៅ សំអាត ជាប្រធាន និងមានទីស្នាក់ការកណ្តាល នៅផ្ទះលេខ A០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងលិខិត សម្តេចក្រឡាហោម បានបញ្ជាក់ថា «ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចូលគណបក្សឯកភាពជាតិខ្មែរ ដែលមានឈ្មោះសរសេរជាអក្សរកាត់ «គ.ឯ.ជ.ខ» ដែលមានទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខA០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ជាផ្លូវការ និងអនុញ្ញាតឲ្យធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ»។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញថា គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ មានគណបក្សនយោបាយ ចំនួន ៤៥ គណបក្ស ត្រូវបានចុះបញ្ជីស្របច្បាប់ នៅក្រសួងមហាផ្ទៃ៕




