(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារប្រចាំការ នៅតាមទីតាំងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្រុមការងារទាំង ៣ក្រុមនេះ ត្រូវប្រចាំការទទួលដោះស្រាយរាល់បញ្ហា និងសហការជួយសង្គ្រោះបឋមនៅពេលមានសភាពការណ៍សំខាន់ៗ នៅតាមទីតាំងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។
តាមសេចក្តីសម្រេច ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ គឺក្រុមការងារទី១ មានសមាសភាព ៣៣រូប ប្រចាំការនៅរង្វ់មូលស្ត្រីឱបកួរស្រូវ ទទួលខុសត្រូវភូមិសាស្ត្រតំបន់ សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ខណ្ឌដង្កោ ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ និងឯកឧត្តម ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ។
ចំណែកក្រុមទី២ មានសមាសភាព ៤១រូប ទទួលខុសត្រូវភូមិសាស្ត្រតំបន់ សង្កាត់គងនយ សាក់សំពៅ និងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមទី២ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញ និងលោកជំទាវ កែវ សុខពិសី អភិបាលរង រាជធានីភ្នំពេញ។
ក្រុមទី៣ មានសមាសភាព ១៧រូប ដឹកនាំដោយឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ប្រចាំការនៅសាលារាជធានីភ្នំពេញ។
សូមរម្លឹកថា ជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ បានកើតឡើងពីទឹកស្ទឹងព្រែកត្នោត ចាប់តាំងពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានលិចលង់នៅ ៥សង្កាត់ ក្នុងខណ្ឌដង្កោ គឺសង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់គងនយ សង្កាត់សាក់សំពៅ និងសង្កាត់ស្ពានថ្ម។ ក្នុងនោះ មានប្រជាពលរដ្ឋ ៥០០០នាក់ រងគ្រោះដោយទឹកជំនន់ និងត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព៕



