(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ប៉ូលិស បានបញ្ជូនពេទ្យធ្មេញ ដែលបានបើកឡានទំនើប បុក ហើយថយក្រោយ កិនសម្លាប់យុវជនម្នាក់ ទៅកាន់តុលាការហើយ។ ហេតុការណ៍បើកឡានបុកម៉ូតូ និងថយក្រោយ កិនសម្លាប់មនុស្សនេះ បានកើតឡើង នៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
សកម្មភាពរបស់ពេទ្យធ្មេញ ដែលបានបើកឡានបុក និងថយក្រោយកិនបន្ថែម បណ្តាលឲ្យស្លាប់យុវជនម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានថតជាប់ ក្នុងកាំម៉ារ៉ាសុវត្ថិភាព។
អ្នកបើកឡានបុកសម្លាប់មនុស្សនោះ ឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជាពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ 5M ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះ ឈ្មោះ ខុន តុង ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ យុវជននេះ បានស្លាប់ ក្រោយអ្នកបើកឡាន ជាពេទ្យធ្មេញ បានបុក ហើយថយឡាន កិនបន្ថែម។ រីឯអ្នករួមដំណើរ ឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នករត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ យុវជននេះ របួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតឡើង នៅផ្លូវលេខ១៧៣ កែងផ្លូវ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីម៉ោង ១១:៣០ នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដោយរថយន្តម៉ាក Lexus NX 200 T ស្លាកលេខ ភ្នំពេញ 2BH-8494 បានបើកបុកពីក្រោយម៉ូតូជនរងគ្រោះ ប៉ើងទៅផ្ទប់របងផ្ទះ។ ចំណែកជនរងគ្រោះ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ផ្លាក លេខ កណ្តាល 1AI-3848។
វិដេអូ ដែលថតជាប់ដោយកាំម៉ារ៉ាសុវត្ថិភាព បានបង្ហាញពីសកម្មភាពដ៏សាហាវរបស់អ្នកបើកឡាន គឺក្រោយបុកម៉ូតូជនរងគ្រោះខ្ទាតទៅផ្ទប់នឹងរបងផ្ទះហើយ គឺអ្នកបើកឡាននោះ បានថយឡាន កិនបន្ថែមលើយុវជនម្នាក់ថែមទៀត។ យុវជននោះ បានស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។
ប៉ូលិសចរាចរណ៍រាជធានីភ្នំពេញ បានឃាត់ខ្លួនជនបង្ក កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ ជនបង្ក ពិតជាមានចរិតឃោរឃៅព្រៃផ្សៃណាស់។
មហាជន ចាប់អារម្មណ៍ និងថ្កោលទោសយ៉ាងខ្លាំងលើជនបង្ក ជាពេទ្យធ្មេញ ហើយសង្ឃឹមថា តុលាការ នឹងចោទប្រកាន់ និងផ្តន្ទាទោសតាមបទល្មើស លើជនបង្ក ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជាចេតនាសម្លាប់មនុស្ស។
មហាជនសង្ឃឹមថា តុលាការ នឹងមិនទទួលសំណូក តាមរយៈអ្នករត់ការ ដូចអ្វីដែលធ្លាប់កើតឡើងក្នុងសង្គមយើងកន្លងមកនោះទេ៕




