(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាស នៅព្រឹកថ្ងៃទី១៧ ខែតុលានេះថា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត។ នោះគឺបុរសជនជាតិបារាំង និងស្ត្រីជនជាតិឥណ្ឌា។
សេចក្តីប្រកាស បង្ហាញថា បុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បានបន្តជើងហោះហើរ នៅប្រទេសសាំងហ្គាពួរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
រីឯស្ត្រីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ក៏ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានប្រកាសថា គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៣នាក់។ ក្នុងនោះ ២៨០នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៣នាក់ កំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ( បុរសជនជាតិឥណ្ឌូនេស៊ី បុរសជនជាតិខ្មែរ និងស្ត្រីជនជាតិបារាំង )៕




