(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានចុះបាញ់ថ្នាំ សម្លាប់មូស និងសត្វល្អិត នៅតំបន់សង្ស័យថា មានជំងឺគ្រុនឈិក នៅក្នុងសង្កាត់អូរបែកក្អម នៅភូមិទ្រុងមាន់ និងតំបន់ ១ចំនួនក្បែរទីតាំងនោះ។ នេះបើតាមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
អន្តរាគមន៍របស់ក្រុមគ្រូពេទ្យខាងលើនេះ បានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋ រាយការណ៍តាមហ្វេសប៊ុកថា ជំងឺគ្រុនឈីក កំពុងផ្ទុះឡើង នៅតំបន់ទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅម្តុំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។
ទទួលបានដំណឹងនេះ ភ្លាម លោកជំទាវ ឱ វណ្ណឌីន បានចាត់ឲ្យលោកប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ចុះពិនិត្យភ្លាម។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល បានបង្ហាញថា ក្នុងរយៈពេល ៩ខែ នៅឆ្នាំ២០២០នេះ ជំងឺគ្រុនឈីក ត្រូវបានរកឃើញយ៉ាងហោចណាស់ជាង ២០០០ ករណី នៅក្នុងខេត្ត ចំនួន ១៥។ ខេត្តចំនួន ៥ ដែលផ្ទុះជំងឺគ្រុនឈីក ខ្លាំងជាងគេ គឺខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកណ្តាល និងខេត្ត កំពង់ឆ្នាំង។ ប៉ុន្តែមិនមានអ្នកស្លាប់ ដោយសារជំងឺគ្រុនឈីកទេ។
ជំងឺគ្រុនឈីក មានអាការៈ និងឆ្លងដូចជំងឺគ្រុនឈាមដែរ គឺកើតឡើង ដោយសារ មូសខ្លាញីខាំ។ ដូច្នេះ គេត្រូវលុបបំបាត់សំបកកំប៉ុង សំបកដូង សំបកកង់ឡាន កន្លែងដក់ទឹក កាប់ និងជម្រះព្រៃស៊ប់ទ្រប់ អនាម័យសណ្តាប់ធ្នាប់ ក្នុងផ្ទះសម្បែង ទុកដាក់របស់របរ ជាពិសេសសម្លៀកបំពាក់ ឱ្យមានសណ្តាប់ធ្នាប់ ស្លៀកពាក់ខោ អាវ ដែលមានដៃ ជើងវែង និងទទួលទានដំណេកក្នុងមុងជ្រក់ថ្នាំ ជាដើម។
គ្រូពេទ្យបានផ្តាំថា នៅពេលមាននរណាម្នាក់ក្តៅខ្លួន ចាប់ពី ៣៧ , ៥ អង្សាឡើងទៅ ត្រូវប្រញាប់យកទៅមន្ទីរពេទ្យរដ្ឋ កុំឱ្យហួសពី ២៤ ម៉ោង ហើយត្រូវចៀសវាងដាច់ខាត កុំព្យាយាមរកការព្យាបាលដោយខ្លួនឯង រួមទាំងការផ្សំថ្នាំ នៅតាមកន្លែងលក់ថ្នាំពេទ្យ ដោយគ្មានវេជ្ជបញ្ជា៕



