(បាត់ដំបង)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ និងពិគ្រោះយោបល់អំពីការបន្ធូរបន្ថយច្បាប់ ស្តីពី ការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ជាមួយឯកឧត្តម កៀត ពិស័ក្តិចាន់ថ្រា អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ កិច្ចប្រជុំនៅច្រកទ្វារព្រំដែន ខៅឌិន~ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ឯកឧត្ដម អ៊ុំ រាត្រី បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកថា កិច្ចប្រជុំពិភាក្សាការងារ ពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ ស្តីពី ការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ច ក្នុងតំបន់ដែលមានរបៀបវរៈដូចខាងក្រោម៖
ទី១. ឲ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ
ទី២. ឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
ទី៣. បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់~បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងឡឹក។
យ៉ាងណាក៏ដោយឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការឯកភាពទាំងស្រុងនោះទេ ស្ថិតក្នុងការពិភាក្សា រង់ចាំមានការឯកភាពជាគោលការណ៍បន្ថែមតាមក្រោយទៀត៕





