(ភ្នំពេញ)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ត្រាស់បង្គាប់តែងតាំងមុខតំណែង ឯកឧត្តម សុខ សូកាន ជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នៅឆ្នាំ២០២០នេះ ឯកឧត្តម សុខ សូកាន មានអាយុ៣៥ឆ្នាំ ហើយឯកឧត្តម ជាកូនប្រុសរបស់សម្តេចវិបុលបញ្ញា សុខ អាន។ ឯកឧត្តម សុខ សូកាន មានប្រវត្តិការងារដូចតទៅ៖ នៅចុងឆ្នាំ២០១៣ ត្រូវបានតែងតាំង ជាអគ្គលេខាធិការរង នៅទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈស្មើរដ្ឋលេខាធិការ។
នៅដើមឆ្នាំ២០១៥ ឯកឧត្តម សុខ សូកាន ក្លាយជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលតាកែវ ជំនួសឯកឧត្តម សូ ឃុន អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងជាតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ។
កូនប្រុស៤រូបរបស់ សម្តេចវិបុលបញ្ញា សុខ អាន មានតួនាទីក្នុងរាជរដ្ឋាភិបាលក្នុងនោះរួមមាន៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម សុខ សូកេន អនុរដ្ឋលេខាធិការ ក្រសួងការបរទេស, ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍៕






