(ភ្នំពេញ)៖ អ្នកនយោបាយគណបក្សនៅក្រៅរដ្ឋាភិបាល បានបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះជំហររបស់រាជរដ្ឋាភិបាល ដែលបានប្រកាសថា ប្រទេសកម្ពុជានឹងទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។
ការប្រកាសគាំទ្រ និងស្វាគមន៍យ៉ាងដូច្នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសក្នុងពេល ថ្លែងសារពិសេសទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ថា ប្រទេសកម្ពុជានឹងទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនយកប្រជាពលរដ្ឋទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។
ទាក់ទងនឹងការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះ លោកបណ្ឌិត យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា «យើងគាំទ្រការប្រើវ៉ាក់សាំងកូវីដ-១៩ ដែលមានសុវត្ថិភាព និងណែនាំដោយអង្គការសុខភាពពិភពលោក(WHO)»។
បន្ថែមពីលើនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរឲ្យដឹងដែរថា «គបម សូមស្វាគមន៍ជំហររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចជ្រើសរើសយកវ៉ាក់សាំងកូវីដ-១៩ ដោយសហការជាមួយអង្គការសុខភាពពិភពលោក ក្នុងគោលបំណងធានាឲ្យប្រជាជនខ្មែរគ្រប់រូប ទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថភាពបំផុត»។
ចំណែកលោក មុត ចន្ថា អតីតមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ និងជាមនុស្សជំនិតរបស់លោក កឹម សុខា ផងនោះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា «ខ្ញុំគាំទ្រប្រសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ដែលថា កម្ពុជានឹងមិនយកពលរដ្ឋរបស់ខ្លួន ធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណានោះទេ»៕






