(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិត អបអរសាទរលោក ចូ បៃដិន ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយសដ៏ធំធេង និងសេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងនូវអំណរសាទរជូនចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «បទពិសោធជាច្រើន រួមនឹងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់ឯកឧត្តម គឺជាកត្តាសត្យានុម័ត ក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាមេរិក។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម សហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឱ្យពិភពលោក មានសេរីភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្តល់សារសំខាន់យ៉ាងធំធេងដល់ ការពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។ ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់ខ្ញុំបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់ឯកឧត្តម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ លោក ចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោត និងរដ្ឋាភិបាលរបស់លោក សូមទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្ររបស់លោក ក្នុង ការដឹកនាំប្រជាជាតិអាមេរិក៕







