(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា គឺសំបូរពោរពេញទៅដោយសំរាម គ្រប់ទីកន្លែង មិនថាក្នុងទឹក ឬលើគោកនោះទេ។
ផេកហ្វេសប៊ុកឯកឧត្តម គួច ចំរើន នៅថ្ងៃទី១៦ ខែធ្នូនេះ បានបង្ហោះរូបភាពសំរាមប៉ុន្មានសន្លឹកអមដោយសារសរសេរយ៉ាងខ្លីដូច្នេះថា៖ «ភ្លៀង មួយមេយប់មិញ សំរាមចូលពេញ អូស្ដេចមឹក ផ្លូវ ៣០១ កុំអីចូលពេញសមុទ្រទៀត។ ស្រុកយើង សំបូរណាស់សំរាម មិនថាក្នុងទឹក ឬលើគោកនោះទេ។ អនាម័យ នាំមកនូវសុខភាពល្អ»។
គួរជម្រាបថា តាមការឲ្យដឹងពីក្រសួងបរិស្ថាន ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ៦៥% ជាសំណល់សិររីរាង្គ ប្រមាណ២០% ជាសំណល់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម៕





