(សេអ៊ូល)៖ កូរ៉េខាងត្បូងនឹងធ្វើការចល័តកម្លាំងយោធា នៅក្រុងស៊េអូល ដើម្បីជួយដល់បុគ្គលិកសុខាភិបាលជួរមុខ ដោះស្រាយវិបត្តិកូវីដ-១៩ ជាមួយនឹងការរកឃើញថ្មីៗនេះចំនួន៦៨៩ករណី ស្របពេលដែលចំនួននៃការឆ្លង និងស្លាប់បានការកើនឡើងគួរឱ្យបារម្ភ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន C N A នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Chung Sye-kyun បានថ្លែងថា លោកនឹងបញ្ជូនកងកំលាំងនិងបុគ្គលិករដ្ឋាភិបាលប្រមាណ ៨០០ នាក់ ដើម្បីជួយគ្រប់គ្រងអ្នកជំងឺនៅក្រុងសេអ៊ូល។ អាជ្ញាធរបានប្រញាប់ប្រញាល់សាងសង់គ្រែមន្ទីរពេទ្យ ក្នុងកុងតឺន័រដឹកទំនិញនៅសប្តាហ៍នេះ ក្រោយចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បានកើនឡើងជិត១៧០នាក់ ជាហេតុជំរុញឱ្យអាជ្ញាធរសុខាភិបាលស្វែងរកគ្រែបន្ថែមនៅទូទាំងប្រទេស។
ទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺរបស់កូរ៉េ បានឱ្យដឹងថា ការរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន ៦៧៣ករណី នាំឱ្យករណីឆ្លងសរុបកើនដល់ ៤០.៧៨៦ករណី ខណៈអ្នកស្លាប់កើនដល់ ៥៧២ករណី៕



