(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ទោះបីមានវ៉ាក់សាំង ក៏មិនមែនមានន័យថា យើងអាចត្រលប់ទៅប្រក្រតីភាពវិញភ្លាមនោះទេ។
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា «ខ្ញុំសូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ទោះបីជាយើងមានវ៉ាក់សាំងក៏ដោយ! វ៉ាក់សាំងនេះ មិនមែនជាចម្លើយតែមួយគត់ សម្រាប់ការការពារមិនឲ្យមានការចម្លងនូវវីរុសកូវីដ១៩នោះទេ។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា មិនមែនថា ឥឡូវនេះ មានវ៉ាក់សាំងហើយ យើងលែងខ្វល់ លែងធ្វើអីទាំងអស់ គឺមិនមែនទេ! នេះគឺជាគ្រោះថ្នាក់ ប្រសិនបើយើងគិតថា មានវ៉ាក់សាំងហើយ គឺយើងលែងខ្វល់អីទាំងអស់! អីចឹងសំខាន់ណាស់ អ្វីដែលជាសាររួមគ្នា ដែលអង្គការសុខភាពពិភពលោក កំពុងតែអំពាវនាវទៅដល់បណ្តាប្រទេសទាំងអស់ នៅលើសកលលោកនេះ ថា ប្រទេស ដែលមានវ៉ាក់សាំង យកមកប្រើប្រាស់ហើយ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចពីវិធានការការពារខ្លួន ជាពិសេសចំណុច ៣ នៅតែជាសំខាន់បំផុត គឺការពាក់ម៉ាស ការលាងដៃ និងការរក្សានូវសុវត្ថិភាពបុគ្គលឲ្យលើសពី១ម៉ែត្រកន្លះ»។
ការអំពាវនាវរបស់លោកជំទាវ ឱ វណ្ណឌីន ខាងលើនេះ បានធ្វើឡើង ខណៈដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១លានដូស ក្នុងជំហ៊ានដំបូង ដើម្បីយកមកចាក់ជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ ចំនួន ៥០ម៉ឺននាក់។ អ្នកដែលទទួលបានវ៉ាក់សាំងជាអាទិភាព ក្នុងដំណាក់កាលទី១នេះ គឺក្រុមគ្រូពេទ្យនៅជួរមុខ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ មន្ត្រីយុត្តិធម៌ អ្នកបោសសម្អាតតាមទីសាធារណៈ ទីប្រជុំជន និងទីក្រុង ជាដើម។
ក្នុងជំហ៊ានបន្ទាប់ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងទិញវ៉ាក់សាំង ២០លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាជនកម្ពុជា ១០លាននាក់ ដោយមិនទាន់រាប់ដល់កុមារ ដែលមិនទាន់ប្រាកដថា អាចចាក់វ៉ាក់សាំងកូវីដ បានឬយ៉ាងណានោះទេ។
សប្បុរសជនយ៉ាងច្រើនផុសផុល ក៏បន្តចូលរួមបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យរាជរដ្ឋាភិបាល អាចទិញថ្នាំវ៉ាក់សាំងទាំងនោះ សម្រាប់ចាក់ជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ៕



