(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន [ASEAN Social Security Association (ASSA)] នាព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៧ ក្រោមប្រធានបទស្តីពី “ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម”។
នេះគឺជាលើកទី១ ដែល ប.ស.ស. កម្ពុជា បានរៀបចំជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៧ នេះឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួមពីតំណាងប្រធានសន្តិសុខសង្គមអាស៊ានទាំង ១០ប្រទេស សរុបចំនួន ២១ស្ថាប័ន ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំនៃ ប.ស.ស. រាជធានីភ្នំពេញ។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ជាប្រធាននៃកិច្ចប្រជុំដ៏សំខាន់មួយនេះ ក្រោមការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម។
ក្នុងនាមតំណាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម ឯកឧត្តមអគ្គនាយក បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូ នៃបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association, ASSA) លើកទី៣៧ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមថ្លែងបន្តថា ក្នុងរយៈពេលជាង ៥៣ ឆ្នាំកន្លងមកនេះ អាស៊ានសម្រេចបានសមិទ្ធផលចម្បងជាច្រើន ជាពិសេសសមិទ្ធផលថ្មីៗ ក្នុងការកសាងសហគមន៍អាស៊ានទៅតាមសរសរស្តម្ភទាំងបី គឺសហគមន៍នយោបាយ-សន្តិសុខអាស៊ាន, សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។
ទន្ទឹមនឹងនេះ យើងក៏បានមើលឃើញអំពីបញ្ហាប្រឈម និងកិច្ចការជាច្រើននៅចំពោះមុខ ដែលតម្រូវឲ្យមានការរួបរួមគ្នា ពុះពារជំនះ និងដោះស្រាយ ក្នុងស្ថានភាពដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស នៅក្នុងសភាពការណ៍នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ទាំងក្នុងកម្រិតសកល និងទាំងក្នុងកម្រិតតំបន់។
ប្រការនេះតម្រូវឲ្យយើងទាំងអស់គ្នាបង្កើនការខិតខំទ្វេដងបន្ថែមថែមទៀត នៅក្នុងសម័យកាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនៅតែបន្តឆ្លងក្នុងតំបន់ និងជាសកល ដែលជាកត្តានាំឲ្យយើងត្រូវខិតខំរួបរួមគ្នា ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការចែករំលែកផ្លៃផ្កានៃកំណើននេះ ឲ្យបានកាន់តែប្រសើរឡើង ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ជាពិសេសលើផ្នែករបបសន្តិសុខសង្គម។
ក្នុងឱកាសនោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះអង្គភាពសន្តិសុខសង្គម ជាសមាជិកនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ទាំងអស់ និងអង្គការជាតិ-អន្តរជាតិ ដែលបានគាំទ្រ និងផ្តល់នូវកិច្ចសហការកន្លងមកលើវិស័យ សន្តិសុខសង្គម ក៏ដូចជាទៅអនាគត ក្នុងការចូលរួមចំណែកចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍប្រទេសក្រោមបាវចនា “ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ (One vision, One Identity, One Community)”។
ឯកឧត្តមបានបន្តថា ចាប់តាំងពីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលជាសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ននេះ ប.ស.ស. ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងជាច្រើនខាងវិស័យសន្តិសុខសង្គម ព្រមទាំងមានការកោតសរសើរពីស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការលើកកម្ពស់ឧត្តមភាព នៃការគ្រប់គ្រងចាត់ចែងប្រព័ន្ធសន្តិសុខសង្គម និងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមប្រកបដោយថាមវន្ត។
ឯកឧត្តមអគ្គនាយកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលមានលក្ខណៈទូលំទូលាយផ្តោតលើសសរស្តម្ភចំនួនពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលក្របខណ្ឌគោលនយោបាយមួយនេះ ដើរតួយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលសេវាជំនួយសង្គម និងសន្តិសុខសង្គម សម្រាប់មន្ត្រីសាធារណៈ និងវិស័យឯកជន ព្រមទាំងប្រជាជន នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់រាជរដ្ឋាភិបាល ទៅលើការគាំពារសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេស គឺការផ្តោតការយកចិត្តទុកដាក់ជាចម្បង លើការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ និងបានផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីមានផ្ទៃពោះជាអាទិភាព ក្នុងនោះ ប.ស.ស. គឺជាប្រតិបត្តិករតែមួយគត់ក្នុងការអនុវត្តទៅលើប្រព័ន្ធសន្តិសុខសង្គម។
ទន្ទឹមគ្នានេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានសម្រេចការងារសំខាន់ៗ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះយុទ្ធសាស្ត្រជាអាទិភាពទី៤ “ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ” ដែលរួមមានការពង្រឹង និងពង្រីកការអនុវត្តផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងត្រៀមដាក់ឱ្យដំណើរការផ្នែកប្រាក់សោធននាពេលដ៏ខ្លីខាងមុខនេះ ព្រមទាំងពង្រីកវិសាលភាពលើរបបសន្តិសុខសង្គមដែលមានស្រាប់ សំដៅបង្កើនការគាំពារដល់ប្រជាពលរដ្ឋគ្រប់រូប។
ឯកឧត្តមអគ្គនាយកបានរំលឹកឱ្យដឹងទៀតថា វិស័យសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុវត្តអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារឆ្នាំ២០០២ ដែលបច្ចុប្បន្នមានវិសាលភាពគ្របដណ្តប់លើផ្នែកចំនួន ៤ រួមមាន៖ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលដែល ស្ថិតនៅក្រោមច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍ សំដៅធានាបានប្រសិទ្ធភាព និរន្តរភាព សង្គតិភាពនៃការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ស្របតាមបរិបទនៃបណ្តាប្រទេសក្នុងតំបន់និងសកលលោកផងដែរ ហើយគិតមកទាល់ពេលនេះ បេឡាជាតិសន្តិសុខសង្គមកម្ពុជា មានសមាជិកសរុបប្រមាណជាង ២លាននាក់ហើយ ដែលកំពុងទទួលបានការគាំពារ និងប្រើប្រាស់សេវារបបសន្តិសុខសង្គមមួយនេះ។
តាមរយៈនៃកិច្ចប្រជុំនេះឯកឧត្តម សំណូមពរដល់សមាជិកទាំងមូល សូមចូលរួមចែករំលែក ផ្តល់នូវបទពិសោធន៍ផ្នែកសន្តិសុខសង្គមពីគ្នាទៅវិញទៅមក ក្នុងនាមជាសមាជិកអង្គភាពសន្តិសុខសង្គម នៃបណ្តាប្រទេសនីមួយៗ ក្នុងការអនុវត្តទទួលបានជោគជ័យកន្លងមក ដើម្បីជាធាតុចូលសម្រាប់ការអភិវឌ្ឍបន្ថែមនូវវិស័យសន្តិសុខសង្គមរបស់ខ្លួន ឲ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត សម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចឲ្យមានការអភិវឌ្ឍកាន់តែច្រើន។
សូមបញ្ជាក់ថា មុនបើកដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នាព្រឹកនេះ លោក Haji Omar bin Mohd. Dali ប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) និងជានាយកនៃអង្គភាព ETF ប្រទេសព្រុយណេដារ៉ូហ្សាឡាម បានថ្លែងតាមរយៈប្រព័ន្ធវីដេអូដែលមានខ្លឹមសារថា នេះគឺជាថ្ងៃប្រវត្តិសាស្ត្រ និងជាលើកទី១ ដែលយើងមិនធ្លាប់ជួបប្រទះពីមុន ដែលបានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ។ លោកពិតជាសោកស្តាយខ្លាំងណាស់ ដែលមិនបានមកដល់ផ្ទាល់នៃទឹកដីទីក្រុងអង្គរដ៏អច្ឆរិយមួយនេះ។
លោកបានថ្លែងបន្តទៀតថា បើទោះបីជាយ៉ាងណាក៏ដោយ សង្ឃឹមថាកិច្ចប្រជុំ នាថ្ងៃនេះ នឹងជម្រុញការទំនាក់ទំនងរវាងប្រទេសជាសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឱ្យកាន់តែមានភាពជិតស្និទ្ធ និងពង្រឹងចំណងរួមគ្នា ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា នៃកិច្ចដំណើរការលើវិស័យសន្តិសុខសង្គម តាមបណ្តាប្រទេសរបស់ខ្លួន៕





