(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូនេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាក់ទងនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ហ្វេសបុកផេកមួយចំនួន ពាក់ព័ន្ធទៅនឹងការបើកលេងល្បែងស៊ីសង នៅខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។
ស្នងការដ្ឋាននគរបាល បានបញ្ជាក់ថា បន្ទាប់ពីបានឃើញព័ត៌មានមួយចំនួនបានចុះផ្សាយថា មានទីតាំងលេងល្បែងស៊ីសង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះថា មានបុគ្គលឈ្មោះ សូ សំឡូត កំពុងតែបើកទីតាំងល្បែងស៊ីសង នៅក្នុងបុរីមង្គលភ្នំពេញ (ព្រែកលៀប) ផ្ទះលេខ១៥ និងមួយទីតាំងទៀតនៅខណ្ឌព្រែកព្នៅ កម្លាំងប៉ុស្តិ៍ទាំង២ ក៏បានចុះដល់ទីតាំងខាងលើផ្ទះលេខ១៥ បុរីមង្គលភ្នំពេញ ក្រុមទី៤ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានឃើញថា ទីតាំងទាំងនោះគឺ បិទទ្វារផ្ទះចាក់សោរ ហើយបើតាមប្រភពព័ត៌មានពីអ្នកជិតខាងក្នុងបុរីបានបញ្ជាក់ថា នៅផ្ទះលេខ១៥ ខាងលើជាផ្ទះជួលហើយអ្នកដែលស្នាក់នៅក្នុងផ្ទះជួលនេះបានរើសម្ភារៈចេញពីទីតាំងខាងលើ តាំងពីកន្លះខែមុនមកម្ល៉េះ។
ដោយឡែក ទីតាំងមួយកន្លែងទៀតនៅផ្ទះ៦ល្វែង ស្ថិតនៅភូមិខ្មែរលើ សង្កាត់គោរកា គឺជាផ្ទះកំពុងសាងសង់មិនទាន់រួចរាល់។ ស្នងការដ្ឋាននគរបាលបានអះអាងថា ជាក់ស្តែងទីតាំងទាំង២ខាងលើ មិនមានបើកលេងល្បែងស៊ីសងខុសច្បាប់ដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ៕





