(ភ្នំពេញ)៖ «ក្នុងនាមខ្ញុំជាយុវជនម្នាក់ ខ្ញុំបានស្ម័គ្រចិត្តចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ១៩ ចំនួន ១០ដុល្លារ ដើម្បីប្រទេសជាតិ និងប្រជាជន» នេះគឺជាការលើកឡើងរបស់យុវជន ឧត្តម រិទ្យា ( Odom Rithya ) កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ ក្រោយពីបានបរិច្ចាគថវិកា ១០ដុល្លារ បានកុង ABA ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាស នៅព្រឹកនេះ។
មិនមែនមានតែយុវជន១រូបខាងលើនេះទេ គឺមហាជន ប្រជាជន មន្ត្រីរាជការ ជាច្រើនទៀត បានចូលរួមថវិកា បាញ់តាមកុង ABA លេខគណនេយ្យ (001249176) Tep Sothy ដើម្បីចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន សម្រាប់ទិញវ៉ាក់សាំង ប្រឆាំងកូវីដ១៩។
ទោះបីជាទឹកប្រាក់តែ៥ដុល្លារ ឬ១០ដុល្លារ ប៉ុន្តែនេះជាទឹកចិត្តធំ ដែលផុសចេញពី «ទឹកចិត្តប្រជាជន នៅក្នុងខឿនការពារសុខភាព» តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះក្រៅពីពាណិជ្ជកម្ម មន្ត្រីរាជការ បរិច្ចាគប្រាក់ខែ ក៏មានប្រជាពលរដ្ឋ បរិច្ចាគលុយ ដោយស្ម័គ្រចិត្ត នៅក្នុងការទិញវ៉ាក់សាំង ដើម្បីការពារសុខភាពនេះ។
តាមការស្រាវជ្រាវ តម្លៃវ៉ាក់សាំង ១ដូស មានតម្លៃចាប់ពី ១៩.៥ ដុល្លារ ទៅដល់តម្លៃ ៣៥ ឬក៏ ៤០ដុល្លារ ក្នុង ១ដូស ទៅតាមក្រុមហ៊ុន និងទៅតាមគុណភាព។ បើយកការប៉ាន់ស្មានថា ១ដូស តម្លៃ១៩.៥ដុល្លារ នោះកម្ពុជា ត្រូវការលុយប្រមាណ២០លានដុល្លារ ដើម្បីទិញ ១លានដូសដំបូង ដែលសម្រាប់ចាក់ដល់មនុស្សបានតែត្រឹម៥០ម៉ឺននាក់ ពីព្រោះក្នុងម្នាក់ ត្រូវចាក់២ដូស។ កម្ពុជា បើតាមការគ្រោងទុករបស់សម្តេចតេជោ ហ៊ុន សែន គឺមនុស្សពេញវ័យមានដល់ ១០លាននាក់ នេះមិនទាន់គិតពីកុមារ ៦លាននាក់ទៀត។ បើយកការគិតដល់តម្លៃមធ្យម១៩,៥ដុល្លារ ក្នុង ១ដូស នោះកម្ពុជា ត្រូវការថវិការង្វង់ដល់៧០០លានដុល្លារសម្រាប់ចំណាយលើការទិញវ៉ាក់សាំងចាក់ជូនប្រជាជន៕







