(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូនេះថា តាមសំណើសុំវិនិយោគលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង។
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជា មានដូចជា៖ វារីអគ្គិសនីអាតៃ ឬស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាននៃប្រទេសកម្ពុជា។ ចំពោះសមត្ថភាពក្នុងការផលិតអគ្គិសនីវិញ មានទំហំ ១ ៣២៨ មេហ្កាវ៉ាត់ និងស្ថានីយ៍អគ្គិសនីដើរដោយធ្យូងថ្មចំនួន ៣ទីតាំង ដែលអាចផលិតបានអគ្គិសនីទំហំ ៦៧៥ មេហ្គាវ៉ាត់៕



