(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ថ្នាក់ដឹកនាំ សហការី និងមន្រ្តីរាជការទាំងអស់ ដែលបម្រើការងារក្នុងវិស័យច្បាប់ និងយុត្តិធម៌ ថា ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាលនៅឡើយ ដូច្នេះវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩នេះ គឺជាជម្រើសដ៏ល្អជាងគេក្នុងចំណោមវិធានការបង្ការដទៃទៀត ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជាធ្វើឲ្យសង្គមជាតិ និងជីវភាពរស់នៅរបស់ប្រជា ជន អាចវិលត្រឡប់ និងមានដំណើរការជាធម្មតាឡើងវិញ។
ទំព័រហ្វេសប៊ុកក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយថា បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជា ដោយឥតគិតថ្លៃរួចមក ប្រជាជនកម្ពុជាមានសេចក្តីសប្បាយរីករាយជាខ្លាំងចំពោះដំណឹង និងបានបង្ហាញការគាំទ្រតាមគ្រប់រូបភាព។ ក្នុងនោះ ក៏មានសប្បុរសជនជាច្រើនបានសម្តែងសុឆន្ទៈបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញ វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ ក្នុងទឹកចិត្តស្រឡាញ់ប្រទេសជាតិ និងស្រឡាញ់ប្រជាជនកម្ពុជា។
ទំព័រហ្វេសប៊ុក្រសួងយុត្តិធម៌ដដែល បានសរសេរបន្តថា ការចូលរួមដ៏ច្រើនរបស់ប្រជាជនកម្ពុជា ក្នុងការបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល សម្រាប់ការទិញវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ ចាក់ជូនប្រជាជនដោយឥតគិតថ្លៃនេះ បានក្លាយជាចលនាប្រជាជនមួយ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថា ជា»ខឿនការពារសុខភាពរបស់ប្រជាជន»។
ផ្អែកលើបរិការណ៍ខាងលើនេះ ចំពោះមន្រ្តីបម្រើការងារក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលមានទឹកចិត្តចូលរួមក្នុង»ខឿនការពារសុខភាពរបស់ប្រជាជន» ដែលជាចលនាស្នេហាជាតិ និងសាមគ្គីភាពជាមួយប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាកនេះ ហើយមានបំណងបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ សូមធ្វើការបរិច្ចាគថវិកានេះតាមរយៈច្រកទាំងពីរដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះគឺ៖
ច្រកទី១-តាមរយៈឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលមានលេខទូរស័ព្ទ 012961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្រ្តី និង
ច្រកទី២-តាមរយៈធនាគារ ABA លេខគណនី (001249176) Tep Sothy ដោយសូមបញ្ជាក់ឈ្មោះ និងទីកន្លែងរស់នៅឲ្យបានត្រឹមត្រូវរបស់អ្នកបរិច្ចាគថវិកា។ ក្នុងករណីចាំបាច់ អាចចូលរួមតាមរយៈក្រសួងយុត្តិធម៌ ដោយសូមទាក់ទងព័ត៌មានបន្ថែមជាមួយឯកឧត្តម អ៊ួង សុភារិន្ទ តាមរយៈលេខទូរស័ព្ទ៖ 012 168 68 68៕



