(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសគាំទ្រចំពោះផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការត្រៀមទិញវ៉ាក់សាំងកូវីដ១៩ ពីក្រៅប្រទេស ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃ។
សារនៅលើទំព័រហ្វេសប៊ុកលោក កឹម សុខា នៅថ្ងៃទី៨ ខែធ្នូនេះ បានលើកឡើងថា៖ «ខ្ញុំសូមចូលរួមគាំទ្រដល់វិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនៅពេលថ្មីៗនេះ ខ្ញុំសូមគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាន់ពេលវេលាក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ»។
ជាមួយគ្នានេះដែរ លោកចូលរួមអបអរសាទរ និងកោតសរសើរក្រៃលែង ចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាដោយទឹកចិត្តជ្រះថ្លា ជូនទៅរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ និងសូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ ដោយទឹកចិត្តសប្បុរសធម៌ សាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩ នេះ។
លោក កឹម សុខា បានបន្តថា៖ «ទន្ទឹមនឹងនេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍មានធនធាន មានមធ្យោបាយ សូមជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងកូវីដ-១៩នេះ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ តាមលទ្ធភាព ប្រកបដោយមនុស្សធម៌»៕



