(ភ្នំពេញ)៖ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ អគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ បរិមាណនាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល១១ខែឆ្នាំ២០២០ មានចំនួន ៥ ០៥៧ ១៨១,៥៤ តោន។
ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមានកំណើនល្អប្រសើរ ដូចជា៖ ១.ដំឡូងមីក្រៀមចំនួន ១ ៣១២ ៩១៣,៣០ តោន មានកំណើន ៨,២៦ % ធៀបទៅនឹងឆ្នាំ២០១៩, ២.ល្ងចំនួន ៥ ៧៩៩,៣៩ តោន មានកំណើន ៣៩,៨១% ធៀបទៅនឹងឆ្នាំ២០១៩, ៣.ផ្លែចេកស្រស់ចំនួន ៣០០ ១៧៣,៩៨ តោន មានកំណើន ១១៦,៩៧% ធៀបទៅនឹង២០១៩, ៤.គ្រាប់ស្វាយចន្ទីចំនួន ២១៤ ៧២១,២១ តោន មានកំណើន ២៦,៥៨% ធៀបទៅនឹងឆ្នាំ២០១៩, ៥.គ្រាប់ពោតចំនួន ១៩៤ ៥០០,២៨ តោន មានកំណើន ៦៣,៨៥% ធៀបទៅនឹងឆ្នាំ២០១៩, ៦.ផ្លែស្វាយស្រស់ចំនួន ៩០ ៨០១,៧៦ តោន មានកំណើន ៨៣,៥០% ធៀបទៅនឹងឆ្នាំ២០១៩, ៧.ដំណាប់ស្វាយ ៧៥៥,៨៦ តោន មានកំណើន ១៥៩,៦០% ធៀបទៅនឹងឆ្នាំ២០១៩, ៨.ម្ទេសស្រស់ចំនួន ៦២ ៤៣២,៧៨ តោន មានកំណើន ៣៨,០២% ធៀបទៅនឹងឆ្នាំ២០១៩, ៩.ម្ទេសក្រៀម ១ ៨០០,០០ តោន ស្មើនឹងឆ្នាំ២០១៩, ១០.ម្រេច ៤ ៩៨២,៦៥ តោន មានកំណើន ៣៩,៣៩% ធៀបទៅនឹងឆ្នាំ២០១៩, ១១.ជ័រកៅស៊ូចំនួន ២៩០ ៧០០,០០ តោន មានកំណើន ១៨,៣០% ធៀបទៅនឹងឆ្នាំ២០១៩, ១២.គ្រាប់ឈូក ៣ ៨១៥,៣៣ តោន មានកំណើន ៤ ៩៨៧% ធៀបទៅនឹងឆ្នាំ២០១៩។
សូមបញ្ជាក់ថា ក្នុងរយៈពេល១១ខែឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦៧មុខ ទៅកាន់គោលដៅចំនួន ៤៦ប្រទេស៕



