(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី៣ ខែធ្នូនេះថា អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីឌ១៩ ចំនួន ២នាក់ទៀត ជាបងប្អូននឹងគ្នា។ ២នាក់នោះ ម្នាក់ ជាបុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប៉ះពាល់នឹងស្ត្រីអាយុ ៣៦ឆ្នាំ ដែលរកឃើញជំងឺកូវិដ១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។ យុវជននេះ ជាបុគ្គលិកធនាគារចិន នៅអាគារវិមានកាណាឌីយ៉ា តាមផ្លូវព្រះមុនីវង្ស ក្នុងរាជធានីភ្ណំពេញ។
រីឯម្នាក់ទៀត ជាស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវជាប្អូនស្រីបង្កើតរបស់បុរសខាងលើ និងជាបុគ្គលិកធនាគារ កាធេ យូណាយធីត នៅផ្លូវសម្តេចប៉ាន ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា ធនាគារ កាធេ យូណាយធីត នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ មានបុគ្គលិកជាច្រើន ដែលកំពុងបម្រើការងារនៅទីនោះ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន ក្នុងរយៈពេល ១៤ថ្ងៃ។ រីឯធនាគារចិន នៅអាគាវិមានកាណាឌីយ៉ា ក៏ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន រយៈពេលខ្លី ដោយគិតពីថ្ងៃទី០៣ ខែធ្នូនេះតទៅ ដើម្បីឲ្យក្រុមការងារសុខាភិបាល ចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់នេះ និងតម្រូវឲ្យបុគ្គលិកទាំងអស់នេះ ធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃផងដែរ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨វិច្ឆិកា ក៏ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា នៅថ្ងៃទី២ ខែធ្នូ វត្ថុសំណាក ដែលនៅសល់ពីថ្ងៃទី១ ខែធ្នូ មានចំនួន ១០៨១នាក់ បូកបន្ថែមចំនួនវត្ថុសំណាក ទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ៥៥៤នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ២នាក់ ( ដែលជាអ្នកជំងឺខាងលើនេះ )។ ដោយឡែក វត្ថុសំណាក ចំនួន ៩៦សំណាកផ្សេងទៀត ត្រូវធ្វើវិភាគបន្ត នៅថ្ងៃទី៣ ខែធ្នូ។
តាមសេចក្តីប្រកាស គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ បានចំនួន ៨៧៦៦នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ថ្មី សរុបចំនួន ១៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣ធ្នូ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា គឺរកឃើញអ្នកឆ្លងសរុប ៣៣១នាក់។ ក្នុងនោះ ៣០៤នាក់ បានជាសះស្បើយ និង ២៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ២២នាក់ និង៥នាក់ នៅមណ្ដលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ )។





