TOP NEWS: សារសម្តេចក្រឡាហោម ស ខេង ជូនបងប្អូនជនរួមជាតិ បន្ទាប់ពីមានការផ្ទុះកូវីដថ្មី!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅមុននេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើសារជូនជនរួមជាតិ ដែលមានអត្ថន័យទាំងស្រុងដូចតទៅ៖ 

ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិជាទីរាប់អាន! 

ខ្ញុំសូមជម្រាបជូនថា ខ្ញុំត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដោយសារតែកាលពីម៉ោង៨:៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ខ្ញុំបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្ត្រី។ 

នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនោះ ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធាគារ ក្រសួងមហាផ្ទៃ ក៏បានចូលរួមដែរ ដោយគាត់បានពាក់ម៉ាស់ ឆ្លងកាត់ការវាស់កំដៅ និងបាញ់អាល់កុលសម្លាប់មេរោគ ដូចរូបខ្ញុំ ព្រមទាំងអ្នកចូលរួមអង្គប្រជុំផ្សេងទៀតដែរ។ ប៉ុន្តែនៅក្នុងអំឡុងពេលប្រជុំនោះ គាត់បានបង្ហើបម៉ាស់ចេញពីមាត់ចំនួន១ដងដើម្បីមានមតិខ្លីមួយ។ 

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ខ្ញុំក៏បានដើរចេញពីបន្ទប់ប្រជុំ ដោយឆ្លងកាត់ពីក្រោយខ្នង ឯកឧត្តម ឆែម សាវុធ ហើយពេលនោះដែរ គាត់ក៏បានក្រោកឈរ និងមានការឆ្លើយឆ្លងគ្នាខ្លីមួយម៉ាត់ពីរ មុនពេលខ្ញុំចាកចេញពីបន្ទប់ប្រជុំ។ 

ក្រោយពីកិច្ចប្រជុំនោះដែរ តាមព័ត៌មានដែលខ្ញុំទទួលបាន ឯកឧត្តម ឆែម សាវុធ ក៏បានបន្តបំពេញការងារជាធម្មតា និងបានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យដំណើរការផ្ទេរអ្នកទោសដែលបានផ្ទេរចេញមួយរយៈដោយសារជំនន់ទឹកភ្លៀងនោះចូលមកកាន់ពន្ធនាគារខេត្តបន្ទាយមានជ័យវិញផងដែរ។ 

ជាប្រការគួរឱ្យសោកស្ដាយណាស់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញនេះ ភរិយាឯកឧត្តម ឆែម សាវុធ ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួនរយៈពេលជាងមួយសប្ដាហ៍ ហើយលទ្ធផលជាបន្តបន្ទាប់ក៏បង្ហាញថាឯកឧត្តម ឆែម សាវុធ និងសមាជិកចំនួនទៀតក៏បានឆ្លងជំងឺនេះដែរ។ 

ដូច្នេះ គឺជាការចាំបាច់បំផុតដែលខ្ញុំត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែបន្តបំពេញភារកិច្ចពិនិត្យសម្រេចលើសំណើរ និងសំណូមពរនានាពីថ្នាក់ដឹកនាំក្រសួង និងបងប្អូនជនរួមជាតិជាធម្មតាតាមរយៈគេហទំព័រហ្វេសប៊ុកនេះ ពីបន្ទប់ដាច់ដោយឡែកនៅផ្ទះរបស់ខ្ញុំ។ 

ខ្ញុំសូមអំពាវនាវថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទាំងអស់ សូមធ្វើតេស្តរកជំងឺកូវីដ១៩ និងអនុវត្តការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃឱ្យបានច្បាស់លាស់បំផុត ។  

ដោយឡែកចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងនគរបាលជាតិ ដែលមិនមានការជាប់ពាក់ព័ន្ធសូមបន្តបំពេញភារកិច្ចជាធម្មតា ដោយត្រូវប្រកាន់ខ្ជាប់វិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្ដុំ និងតាមដានសុខភាពជាប្រចាំ។ 

ខ្ញុំក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានផ្ញើសារជូនពរខ្ញុំ ព្រមទាំងក្រុមគ្រួសារ។ ខ្ញុំក៏សូមជូនពរបងប្អូនជនរួមជាតិទាំងអស់ សូមមានសុខភាពល្អ និងចៀសផុតពីគ្រោះចង្រៃជំងឺកូវីដ-១៩។ សូមអរគុណ!


អត្ថបទដែលជាប់ទាក់ទង
កុំភ្លេចព្រឹកស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានផ្លូវថ្មី៣៨ខ្សែ តម្លៃប្រមាណ១៥០លានដុល្លារ នៅក្រុងសៀមរាប នឹងមានប្រធានបទចាប់អារម្មណ៍
ព័ត៌មានជាតិ
អ្នកពុល​ស្រាស មាន​សារធាតុ មេ​តា​ណុល នៅ​ខេត្តកំពង់ឆ្នាំង កើនឡើងដល់ ១០១​នាក់ ស្លាប់ ៤​នាក់
ព័ត៌មានជាតិ
TOP NEWS: សារសម្តេចតេជោ ហ៊ុន សែន៖ «សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង​ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩»
ព័ត៌មានជាតិ
លោក Allen Dodgson Tan ជំរុញពាណិជ្ជករអាមេរិក ឲ្យមកធ្វើពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែរីកចម្រើន
ព័ត៌មានជាតិ
អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រកាស​ពី​ហេតុការណ៍​ឆ្លង​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង ធ្វើតេស្ត​រក​មេរោគ កូ​វីដ​១៩ រួចហើយ តែ​មិនទាន់​ចេញ​លទ្ធផល​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី