សម្តេច​ក្រឡាហោម ស ខេង ធ្វើតេស្ត​រក​មេរោគ កូ​វីដ​១៩ រួចហើយ តែ​មិនទាន់​ចេញ​លទ្ធផល​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង បានប្រកាស ជម្រាបជូន​ជនរួមជាតិ​ថា សម្តេច ត្រូវបាន​ក្រុមគ្រូពេទ្យ យក​សំណាក​ទៅធ្វើ​តេស្ត​រក​មេរោគ កូ​វីដ​១៩ ដោយសារតែ​កាលពី​ម៉ោង ៨ និង​៣០​នាទី ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លងទៅ សម្តេច​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ពិភាក្សា​លើ​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា «​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នា​ថ្ងៃនោះ ឯកឧត្តម ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ធា​គារ ក្រសួងមហាផ្ទៃ ក៏បាន​ចូលរួម​ដែរ ដោយ​គាត់​បាន​ពាក់​ម៉ាស់ ឆ្លងកាត់​ការ​វាស់​កំដៅ និង​បាញ់​អាល់កុល​សម្លាប់​មេរោគ ដូច​រូបខ្ញុំ ព្រមទាំង​អ្នកចូលរួម​អង្គប្រជុំ​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​នៅក្នុង​អំឡុងពេល​ប្រជុំ​នោះ គាត់​បាន​បង្ហើប​ម៉ាស់​ចេញពី​មាត់​ចំនួន ១​ដង ដើម្បី​មានមតិ​ខ្លី​មួយ​»​។​

​សម្តេច​ក្រឡាហោម បន្ថែមថា «​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ខ្ញុំ​ក៏បាន​ដើរ​ចេញពី​បន្ទប់​ប្រជុំ ដោយ​ឆ្លងកាត់​ពីក្រោយ​ខ្នង ឯកឧត្តម ឆែម សាវុធ ហើយ​ពេល​នោះដែរ គាត់​ក៏បាន​ក្រោកឈរ និង​មានការ​ឆ្លើយឆ្លង​គ្នា​ខ្លី​មួយ​ម៉ាត់​ពីរ មុនពេល​ខ្ញុំ​ចាក​ចេញពី​បន្ទប់​ប្រជុំ​។ ក្រោយពី​កិច្ចប្រជុំ​នោះដែរ តាម​ព័ត៌មាន ដែល​ខ្ញុំ​ទទួលបាន ឯកឧត្តម ឆែម សាវុធ ក៏បាន​បន្ត​បំពេញការងារ​ជាធម្មតា និង​បានធ្វើ​ដំណើរ​ទៅ​ខេត្តបន្ទាយមានជ័យ ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​ផ្ទេរ​អ្នកទោស ដែល​បាន​ផ្ទេរចេញ​មួយរយៈ​ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ ចូលមក​កាន់​ពន្ធនាគា​រ​ខេត្តបន្ទាយមានជ័យ​វិញ​ផងដែរ​»​។​

​សម្តេច​ក្រឡាហោម បន្ថែមថា «​ជា​ប្រការ​គួរឱ្យ​សោកស្ដាយ​ណាស់ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ម្សិលមិញ​នេះ ភរិយា​ឯកឧត្តម ឆែម សាវុធ ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​មាន​អា​ការៈមិន​ស្រួលខ្លួន រយៈពេល​ជាង​មួយ​សប្ដាហ៍ ហើយ​លទ្ធផល​ជា​បន្តបន្ទាប់ ក៏​បង្ហាញថា​ឯកឧត្តម ឆែម សាវុធ និង​សមាជិកគ្រួសារ​មួយចំនួនទៀត ក៏បាន​ឆ្លង​ជំងឺ​នេះដែរ​។ ​ដូច្នេះ​គឺជា​ការចាំបាច់​បំផុត ដែល​ខ្ញុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ តាម​វិធាន​របស់​ក្រសួងសុខាភិបាល​»​។

​សម្តេច​ក្រឡាហោម ស ខេង បន្ថែមថា «​ទោះបីជា​យ៉ាងណា ខ្ញុំ​នៅតែ​បន្ត​បំពេញភារកិច្ច​ពិនិត្យ​សម្រេច​លើ​សំណើរ និង​សំណូមពរ​នានា​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​បងប្អូន​ជនរួមជាតិ​ជាធម្មតា​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ពី​បន្ទប់​ដាច់ដោយឡែក​នៅផ្ទះ​របស់ខ្ញុំ​។ ​ខ្ញុំ​សូម​អំពាវនាវ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ សូម​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ និង​អនុវត្ត​ការដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព​ក្នុង​រយៈពេល​១៤​ថ្ងៃ​ឱ្យបាន​ច្បាស់លាស់​បំផុត ។  

​ដោយឡែក​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​នគរបាលជាតិ ដែល​មិនមាន​ការជាប់​ពាក់ព័ន្ធ​សូម​បន្ត​បំពេញភារកិច្ច​ជាធម្មតា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត ចៀសវាង​ការប្រមូលផ្ដុំ និង​តាមដាន​សុខភាព​ជាប្រចាំ​»​។​

​សម្តេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ផ្ញើ​សារ​ជូនពរ​សម្តេច ព្រមទាំង​ក្រុមគ្រួសារ​។ សម្តេច​ក្រឡាហោម ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​ចៀស​ផុតពី​គ្រោះ​ចង្រៃ​ជំងឺ​កូ​វីដ​-១៩៕​

អត្ថបទដែលជាប់ទាក់ទង
យុវជនម្នាក់ដែលប្រកាសតាម Tik Tok ថា «នឹងកម្ទេចប្រទេសកម្ពុជា» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ!
ព័ត៌មានជាតិ
កុំភ្លេចព្រឹកស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានផ្លូវថ្មី៣៨ខ្សែ តម្លៃប្រមាណ១៥០លានដុល្លារ នៅក្រុងសៀមរាប នឹងមានប្រធានបទចាប់អារម្មណ៍
ព័ត៌មានជាតិ
អ្នកពុល​ស្រាស មាន​សារធាតុ មេ​តា​ណុល នៅ​ខេត្តកំពង់ឆ្នាំង កើនឡើងដល់ ១០១​នាក់ ស្លាប់ ៤​នាក់
ព័ត៌មានជាតិ
TOP NEWS: សារសម្តេចតេជោ ហ៊ុន សែន៖ «សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង​ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩»
ព័ត៌មានជាតិ
លោក Allen Dodgson Tan ជំរុញពាណិជ្ជករអាមេរិក ឲ្យមកធ្វើពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែរីកចម្រើន
ព័ត៌មានជាតិ
អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រកាស​ពី​ហេតុការណ៍​ឆ្លង​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី