(ភ្នំពេញ)៖ មន្ត្រីបម្រើការងារនៅអាកាសចរជាតិ បានបង្ហោះសារឆ្លងឆ្លើយក្នុងគ្រុបប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ហើយនិយាយថា ភរិយារបស់អគ្គនាយកពន្ធនាគារ ដែលទើបរកឃើញ កើតជំងឺកូវីដ១៩ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាអ្នកដំណើរមកពីអាមេរិក ហើយមិនបានធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវនៅផ្ទះរបស់ខ្លួននោះទេ។
ចំពោះករណីនេះ ត្រូវបានលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា «ដំណាក់កាលនេះ មិនមែនជាពេល ដែលត្រូវរកខុសត្រូវនោះទេ គឺជាពេលវេលា ដែលខ្មែរត្រូវរួបរួមគ្នា ស្តាប់តាមការណែនាំរបស់សម្តេចតេជោ និងរបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ដើម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៍ដ៏ស្មុគស្មាញថ្មីមួយនេះ»។
លោកជំទាវ ឱ វណ្ណឌីន បន្តពន្យល់អង្វរក្នុងគ្រុបថា៖ «ខ្ញុំសុំលើកដៃអង្វរលោកអ្នកទាំងអស់ សូមមេត្តាកុំរុញឲ្យខ្លោច កុំរោចឲ្យឆៅអី កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា។ អ្វីដែលសំខាន់បំផុត នៅពេលនេះ គឺបុគ្គលគ្រប់រូបចាំបាច់ ត្រូវអនុវត្តន៍វិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន ធ្វើយ៉ាងណា កុំឲ្យមានការចម្លងមកខ្លួនឯង កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត និងកុំឲ្យចម្លងក្នុងសហគមន៍។ នៅប្រទេសគេ ដែលមានធនធានច្រើនជាងយើងផង នៅតែគ្រប់គ្រងមិនបាន ឈឺរាប់សែន រាប់លាននាក់ និងស្លាប់រាប់ពាន់ រាប់សែននាក់ដែរ។ ប្រទេសយើងតូច ធនធានតិច ខិតខំទប់ស្កាត់បានជិតមួយឆ្នាំហើយ ដែលមិនមានការចម្លងចូលសហគមន៍ ទៀបតែថ្ងៃនេះទេ ដែលជាថ្ងៃដំបូងនៃការចម្លងក្នុងសហគមន៍ ដែលក្រុមការងារទាំងអស់ និងថ្នាក់ដឹកនាំក្រសួង មិនទាំងបានសម្រាន្ត ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីទប់ការរាតត្បាតបន្ត និងដើម្បីសុខភាពទាំងអស់គ្នា។ សង្ឃឹមថា ក្នុងស្មារតីសាមគ្គីភាព រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ យើងនឹងខិតខំជំនះឧបសគ្គមួយនេះទាំងអស់គ្នា»៕



