(ភ្នំពេញ)៖ បុគ្គលិកផ្សារទំនើប អ៊ីអន ទី១ ជាប់ស្ថានទូតរុស្ស៊ី ក្នុងរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកានេះ បានចូលរួមសហការ ធ្វើតេស្តរកមេរោគកូវីដ១៩។ ផ្សារអ៊ីអនទី១ ត្រូវបិទរយៈពេល ២ ទៅ ៣ថ្ងៃ ដើម្បីក្រសួងសុខាភិបាល ពិនិត្យស្វែងរកអ្នកពាក់ព័ន្ធនឹងភរិយាអគ្គនាយកពន្ធនាគារ ដែលឆ្លងជំងឺកូវីដ១៩។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ភរិយារបស់អគ្គនាយកពន្ធនាគារ បានទៅផ្សារអ៊ីអន នៅថ្ងៃទី២១ ខែវិច្ឆិកា។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ភរិយារបស់អគ្គនាយកពន្ធនាគារ ត្រូវបានធ្វើតេស្ត រកឃើញកើតជំងឺកូវីដ១៩។ ភ្លាមៗ ប្តីកូន និងក្រុមគ្រួសាររបស់លោកស្រី សរុប ៥នាក់ផ្សេងទៀត ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩។
ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងហេតុការណ៍នេះ ក្រសួងសុខាភិបាល បានរៀបចំកន្លែងធ្វើតេស្ត យកវត្ថុសំណាករកមេរោគកូវីដ១៩ នៅក្រសួងមហាផ្ទៃ នៅផ្សារទំនើបអ៊ីអនទី១ និងនៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ ព្រមទាំងនៅសាលាគរុកោសល្យ ខេត្តសៀមរាប ចាប់ពីម៉ោង ៧កន្លះព្រឹកថ្ងៃទី២៩វិច្ឆិកានេះ។
វិធានការបន្ទាន់របស់ក្រសួងសុខាភិបាលនេះ បានធ្វើឡើង បន្ទាប់ពីក្រុមគ្រួសាររបស់អគ្គនាយកពន្ធនាគារ សរុបចំនួន ៦នាក់ បានឆ្លងជំងឺកូវីដ១៩ ដែលបានធ្វើតេស្ត និងបង្ហាញលទ្ធផល កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រៅពីនោះ ក្រសួងសុខាភិបាល ក៏បានរៀបចំកន្លែងធ្វើតេស្តរកមេរោគកូវីដ១៩ លើសិស្សានុសិស្ស និងគ្រូបង្រៀន ដែលពាក់ព័ន្ធនឹងកូនរបស់អគ្គនាយកពន្ធនាគារ ដែលបានរៀននៅសាលាអន្តរទ្វីបអាមេរិក AIS សាខាចាក់អង្រែ។
ក្រសួងសុខាភិបាល បានប្រកាសថា ករណីចម្លងមេរោគកូវីដ១៩ នៅក្នុងសហគមន៍នេះ មានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល រួមទាំងថ្នាក់ដឹកនាំមួយចំនួន នៅភ្នំពេញ សៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តបន្ទាយមានជ័យ៕



