(ភ្នំពេញ)៖ រដ្ឋមន្ត្រីព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះសារទាំងព្រលឹមអុល បន្ទាប់ពីបណ្តាញសង្គម ក៏ដូចជាអង្គភាពសារព័ត៌មានមួយចំនួនផង បានបង្ហោះព្រោងព្រាតនូវរូបភាពអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងនោះ រូបមាន រូបភាពឯកឧត្តម ឆែម សាវុធ ជាប្រធានពន្ធនាគារនៃក្រសួងមហាផ្ទៃ និងភរិយាផងនោះ ដែលក្រសួងសុខាភិបាល បានបញ្ជាក់ថា ឆ្លងជំងឺកូវីដ។
អ្នកខ្លះបាននិយាយថា ការបង្ហោះរូបភាពនេះ គឺមិនអីទេ ដោយសារតែអ្នកជំងឺខ្លះ ជាមនុស្សសាធារណៈ។ កន្លងមក មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល រួមទាំង តំណាងរាស្ត្រ គឺឯកឧត្តម សួស យ៉ារ៉ា ត្រូវបានបណ្តាញសង្គមបង្ហោះរូបភាពព្រោងព្រាត។
ការលាក់អត្តសញ្ញាណអ្នកជំងឺ គឺជាសីលធម៌ គប្បីមិនត្រូវបែងចែកឋានៈតួនាទីនោះទេ ដើម្បីរក្សាតម្លៃ និងការគោរពសិទ្ធិមនុស្ស ហើយជុំវិញការចែកចាយរូបភាព និងបង្ហោះ «រូបភាពអ្នកជំងឺ» នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ដាក់ជាសំណួរថា៖ «យើងថា រក្សាអនាមិកភាពនៃអ្នកកើតកូវីដ១៩ ដើម្បីចៀសវាងការរើសអើង តែពេលនេះ នាំគ្នាបង្ហោះរូបអ្នកមានជំងឺព្រោងព្រាត។ ឯណាទៅសីលធម៌សង្គមរបស់យើង?»៕



