ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៥​នាក់ ពី​ស្ត្រី​ខ្មែរ​ម្នាក់ ដែលជា​ប្រពន្ធ​អគ្គនាយក​ពន្ធនាគារ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៥​នាក់ ជា​ក្រុមគ្រួសារ​របស់​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ទើប​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាលពី​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ស្ត្រី​រូបនេះ អាយុ ៥៦​ឆ្នាំ ជា​ភរិយា​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​របស់​ក្រសួងមហាផ្ទៃ​។​

​សេចក្តីប្រកាស បង្ហាញថា ស្ត្រីជន​ជាតិខ្មែរ អាយុ ៥៦​ឆ្នាំ មាន​អាសយដ្ឋាន នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​នៅ​បុរី​ប៉េង​ហួត ផ្លូវ ៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ដែល​គាត់​មាន​អា​ការៈមិន​ស្រួលខ្លួន ( មាន​ចេញ​រោគសញ្ញា​ផ្តាសាយ ចំនួន ៣​ថ្ងៃ ) ក៏បាន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ​ជំងឺ ហើយ​ត្រូវបាន​គ្រូពេទ្យ​យក​វត្ថុ​សំណាក​របស់គាត់​ទៅពិនិត្យ ដែល​លទ្ធផល​វិភាគ​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល ប្រកាស​បន្ថែមថា ស្វាមី​របស់​ស្ត្រី អាយុ ៥៦​ឆ្នាំ ខាងលើ ជា​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ រួមជាមួយ​សមាជិកគ្រួសា​រ ៤​នាក់​ទៀត ដែល​នៅផ្ទះ​ជាមួយគ្នា ( ស្ត្រី​អាយុ ៣៦​ឆ្នាំ កុមារា​អាយុ ១២​ឆ្នាំ បុរស​អាយុ ៣៦​ឆ្នាំ និង​បុរស​អាយុ ៣០​ឆ្នាំ ) បានធ្វើ​តេស្ត​វត្ថុ​សំណាក ដោយ​ទទួលបាន​លទ្ធផល​វីរុស​កូ​វីដ​១៩ ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​បច្ចុប្បន្ន ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ជា​វិធានការ និង​ការណែនាំ ចំពោះ​ករណី​ឆ្លង​នៅ​សហគមន៍​នេះ ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសជូន​ដល់​អ្នក​ដែល​បះ​ពាល់​ជាមួយ​អ្នកជំងឺ ( ស្វាមី និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ ៤​នាក់ ) ខាងលើ​ទាំងអស់ ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅតាម​ផ្ទះ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​ខេត្តបន្ទាយមានជ័យ ( សម្រាប់​អ្នក​ដែល​ប៉ះពាល់​នៅតាម​ខេត្ត ) និង​អនុវត្តន៍​ទៅតាម​សារ​សំឡេង​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ស​ម្តេ​តេ​ជោ ហ៊ុន សែន នា​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ហើយ​កុំ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ចេញទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឲ្យ​សោះ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ និង​កុំ​ឲ្យ​មានការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ នៅក្នុង​សហគមន៍​។ 

​ក្រសួងសុខាភិបាល ក៏បាន​បន្ថែមថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​សុខាភិបាល ខេត្ត ដែល​ពាក់ព័ន្ធ ត្រូវ​បន្ត​រុករក​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ និង​ធ្វើការ​តាមដាន​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃនេះ ជា​បន្តទៀត ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ បន្ត​គ្នា ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​សហគមន៍​ផងដែរ​។ រីឯ​ផ្សារ​ទំនើប អ៊ី​អន ទី​១ ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ក្នុង​រយៈពេល ២-៣​ថ្ងៃ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​។​

​សូម​រម្លឹកថា ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាស​នៅ​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ ទី​២៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ នេះ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ សរុប​ចំនួន ៧​នាក់ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា រួមមាន​៖ ស្ត្រី​ខ្មែរ​អាមេរិកកាំង អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ធ្វើដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ បន្ទាប់ពី​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ស្ត្រី​រូបនេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ ចំណែក ៦​នាក់​ទៀត ជា​ក្រុមគ្រួសារ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​របស់​ក្រសួងមហាផ្ទៃ ដូច​ជម្រាបជូន​ខាងលើ​។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ករណី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​។ អ្នក​ទាំងពីរ​នេះ ជា​បុរស​ជនជាតិខ្មែរ អាយុ ៥៩​ឆ្នាំ បានធ្វើ​ដំណើរ​មកពី​អាមេរិក ហើយ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ម្នាក់ទៀត ជា​បុរស​ជនជាតិខ្មែរ អាយុ ៣១​ឆ្នាំ ជា​អង្គរក្ស​ការពារ​ផ្ទាល់​ជូន​គណៈប្រតិភូ​ហុង​គ្រី ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា មាន​អាសយដ្ឋាន នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៩​វិច្ឆិកា នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣១៥​នាក់​។ ក្នុងនោះ ៣០១​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ១៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( ១១​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ៣​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ )៕​

អត្ថបទដែលជាប់ទាក់ទង
លោក សោម អូន ចូលរួមផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគកូវីដ១៩ នៅអង្គភាពចំណុះក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រៀបចំ​កន្លែង​ធ្វើតេស្ត យក​វត្ថុ​សំណាក​របស់​អ្នកពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៤​កន្លែង នៅ​ភ្នំពេញ និង​សៀមរាប ចាប់ពី​ម៉ោង ៧​កន្លះ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​នេះ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេច​បិទ​សណ្ឋាគារ ភ្នំពេញ ២​ថ្ងៃ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ និង​យក​សំណាក​មក​ធ្វើតេស្ត ព្រោះ​អ្នកជំងឺ​កូ​វីដ បាន​ទៅ​ហាត់ប្រាណ និង​ងូតទឹក​នៅ​ទីនោះ កាលពី​ថ្ងៃទី​២៣​វិច្ឆិកា​
ព័ត៌មានជាតិ
ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀន​អន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្ន
ព័ត៌មានជាតិ
កម្មវិធី​ស្មារតី​អមតៈ ២​ធ្នូ នៅ​ថ្ងៃទី​១-២ ខែធ្នូ នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ត្រូវ​ផ្អាក​!
ព័ត៌មានជាតិ
កម្ពុជា លើក​ពេល​បញ្ជូន​ម៉ាស និង​បរិក្ខារ​ពេទ្យ ទៅ​ប្រទេស​ទី​ម័​រលេ​ស្ត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី