សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ជា​លើក​ទី​ដំបូង នៅ​កម្ពុជា ហើយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​! SWIFT NEWS ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​សៀមរាប​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុងស្នាក់នៅ​ទី​រួម​ខេត្តសៀមរាប បាន​ផ្ញើ​សារ​ជា​សំឡេង​ទាំងយប់​ជូន​ជនរួមជាតិ នៅ​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ ដោយ​សម្តេច បានប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ជា​លើក​ទី​ដំបូង នៅ​កម្ពុជា​។ នោះ​គឺ​ភរិយា​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ របស់​ក្រសួងមហាផ្ទៃ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយ​មិនដឹង​ឆ្លង​ពី​ណា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​ពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​កុំ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​។​

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការជ្រួលច្របល់ ហើយសូមស្នាក់នៅផ្ទះ ប្រសិនបើមិនមានភារៈកិច្ចចេញក្រៅ ដើម្បីសមត្ថកិច្ចជំនាញសុខាភិបាលងាយធ្វើការតាមដានត្រួតពិនិត្យ។ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ជាក់ជូនថា សម្តេចមិនលុបកម្មវិធីបើកការដ្ឋានផ្លូវនៅសៀមរាប និងមិនមានវិធានការបិទសាលារៀននោះទេ ដោយនៅបន្តធម្មតា តាមបែបគន្លងថ្មី និងត្រូវពង្រឹងការត្រួតពិនិត្យសុខភាពអនាម័យឲ្យបានល្អ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ថ្ងៃនេះ យើង​បាន​រកឃើញ​ករណី​មួយ ទៅលើ​ភរិយា​របស់​អគ្គនាយក​ពន្ធនាគារ ដែលមាន​ការកើត​នូវ​កូ​វីដ​១៩​។ នេះ​ជា​ករណី​ដំបូង​បំផុត ដែល​យើង​អាច​ចាត់ទុកថា ជាការ​ឆ្លង​ក្នុង​សហគមន៍ ហើយ​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប ហើយនឹង​អាចឈាន​ទៅដល់​ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី​។ ក្នុងស្ថានភាព​បែបនេះ រាជរដ្ឋាភិបាល បាន​ប្រកាន់យក​វិធានការ​បន្ទាន់ ដោយ​ធ្វើការ​ប្រមូលផ្តុំ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ ទាំង​ប្រយោល ដើម្បី​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏ដូចជា​យក​សំណាក​ទៅពិនិត្យ​»​។​

​សម្តេច​តេ​ជោ បន្តថា «​ដោយឡែក នៅ​ទីក្រុង​ភ្នំពេញ មាន​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី គឺ​សម្តេច​ក្រឡាហោម ស ខេង ឯកឧត្តម ប៊ិន ឈិន ឯកឧត្តម កើត រិ​ទ្ធ ក៏ដូចជា​មេដឹកនាំ​មួយចំនួនទៀត ដែល​បាន​ប្រជុំ​ជាមួយគ្នា ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ហើយក៏​ត្រូវ​ធ្វើការ​ធ្វើតេស្ត ឲ្យ​បាន​ម៉ត់ចត់​។ ក្នុងចំណោម​នោះ អាចមាន​ទាំង​ក្រុមគ្រួសារ​ផងដែរ​។ ចំពោះ​អ៊ី​អន​១ ( ផ្សារ​អ៊ី​អន​១ ) សុំ​អធ្យាស្រ័យ ដោយសារ​មានការ​ចាំបាច់​ក្នុង​ការបិទ​ក្នុង​មួយរយៈ​ពេល​ខ្លី ដើម្បី​ត្រួតពិនិត្យ​អ្នក​ដែលមាន​ការពាក់ព័ន្ធ​»​។ 

​សម្រាប់​ប្រជាពលរដ្ឋ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​អំពាវនាវ​ថា «​ខ្ញុំ​សូម​អំពាវនាវ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង កុំ​មានការ​ឆោ​ល​ឡោ ភ័យខ្លាច រហូត​ទៅដល់​ការបាត់បង់​នូវ​ការគ្រប់គ្រង​។ ប៉ុន្តែ​ខ្ញុំ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង បង្កើន​នូវ​ការយកចិត្តទុកដាក់ ពាក់ព័ន្ធ​ជាមួយនឹង​ការការពារ​ខ្លួន តាមរយៈ​ការពាក់​ម៉ាស តាមរយៈ​ការលាង​ដៃ ការ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ក្នុងករណី ដែលមាន​ការសង្ស័យ ត្រូវ​ទៅរក​ការបញ្ជាក់​ពី​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​។ សូម​បង្កើន​នូវ​ការប្រុងប្រយ័ត្ន ដើម្បី​ការពារ​ខ្លួន នៅក្នុង​កាលៈទេសៈ​ដ៏​ចាំបាច់​នេះ ហើយ​បើ​អាច​ជៀសវាង​បាន សុំ​ឲ្យ​ជៀសវាង កុំ​ធ្វើការ​ប្រមូលផ្តុំ​ណាមួយ​។ ខ្ញុំ​មិនមាន​ការអំពាវនាវ ដើម្បី​បិទ​សាលារៀន នៅ​ទីក្រុង​ភ្នំពេញ ឬ​ខេត្តសៀមរាប ឬ​ខេត្ត​ដែលមាន​ការពាក់ព័ន្ធ​ទេ​។ អ្វីដែល​ជាការ​ចាំបាច់​នៅពេលនេះ គឺ​តម្រូវការ​នៃ​ការពាក់​ម៉ាស និង​ការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិភាព​តែប៉ុណ្ណោះ​។ យើង​ត្រូវ​ទុក​ឲ្យ​ដំណើរ​ការប្រព្រឹត្តិទៅ​ធម្មតា តាម​គន្លង​ថ្មី រាប់ទាំង​សាលារៀន​ផងដែរ​។ ខ្ញុំ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង នឹង​យល់​ទៅដល់​សភាពការណ៍​នេះ ហើយ​ខ្ញុំ​នឹង​តាមដាន​ដោយ​យកចិត្តទុកដាក់ ទៅលើ​ការវិវត្តន៍​នៃ​សភាពការណ៍​ទាំងអស់ ដែល​ក្រសួងសុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​រាយការណ៍​ឲ្យ​ខ្ញុំ​ជា​បន្តបន្ទាប់​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ឥឡូវនេះ បើទោះបីជា​បញ្ហា​នេះ បានកើត​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​សៀមរាប ក៏​ខ្ញុំ​កំពុង​ស្ថិតនៅ​សៀមរាប ហើយ​ខ្ញុំ​នៅតែ​ដំណើរការ​កម្មវិធី​ធម្មតា ដោយ​គ្រាន់តែ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ដូច្នេះ​មិនមាន​ការលុបចោល​នូវ​កម្មវិធី ដែលមាន​គ្រោងទុក សម្រាប់​ការបើក​ការដ្ឋាន​ផ្លូវ ៣៨​ខ្សែ រួម​នឹង​ការកែលម្អ​នូវ​ដងស្ទឹង​សៀមរាប ផង​នោះទេ​។ សូម​បងប្អូន​បង្កើន​នូវ​ការយកចិត្តទុកដាក់​ទៅលើ​ការការពារ​ខ្លួន ហើយ​ប្រសិនបើ​គ្មាន​ការចាំបាច់​ទេ សូមកុំ​ចេញ​ក្រៅ​ផ្ទះ ហើយ​នៅក្នុង​ផ្ទះ ដើម្បី​ងាយស្រួល​ឲ្យ​អាជ្ញាធរ ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​បញ្ហា​ទាំងឡាយ ហើយ​អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ក៏ត្រូវ​ធ្វើ​ឲ្យ​បាន​ម៉ត់ចត់ ជៀសវាង​នូវ​ការ​សាយភាយ ទៅកាន់​កន្លែង​ផ្សេងទៀត​។ សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​យើង នឹង​ជម្នះ​បាន​នូវ​ការលំបាក​នៅក្នុង​កាលៈទេសៈ មិនទាន់​ច្បាស់លាស់​នេះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ការណ៍​ដែល​យើង​យក​វិធានការ​នេះ ជាការ​ដែល​យើង​ខិតខំ​ជៀសវាង​ឲ្យ​ខាន​តែ​បាន​ទៅនឹង​ការរីក​រាលដាល​ទៅក្នុង​សហគមន៍​។ សង្ឃឹមថា ប្រជាពលរដ្ឋ​របស់​យើង នឹងមាន​ការយោគយល់​ចំពោះ​សភាពការណ៍​នេះ​។ ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ថ្នាក់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​មន្ត្រី​មួយចំនួន រាប់ទាំង​អភិបាលក្រុង​សៀមរាប ក៏បាន និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ផងដែរ ដោយ​ទើបនឹង​ដឹងថា មានការ​ពាក់ព័ន្ធ និង​ទទួលទាន​អាហារ​ជាមួយនឹង​ឪពុក ដែល​បាន​ពាក់ព័ន្ធ​ជាមួយនឹង​អគ្គនាយក​ពន្ធនាគារ និង​ភរិយា​របស់គាត់​។ ដូច្នេះ​គ្រាន់តែ​ពាក់ព័ន្ធ​បែបនេះ ឪពុក​បានធ្វើ​ដំណើរ​ម​ក​សៀមរាប ក៏​តម្រូវ​ឲ្យ​កូន​នៅ​សៀមរាប ដែលជា​អភិបាលក្រុង ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។ នេះហើយ​គឺជា​វិធានការ ដែល​យើង​ប្រកាន់យក​។ មានតែ​វិធានការ​បែបនេះ​ទេ ទើប​អាច​យកឈ្នះ​លើ​កូ​វីដ​១៩ ដែល​អាច​ចាត់ទុកថា ជា​ករណី​ដំបូង​បំផុត ក្នុង​ការឆ្លង​ចេញពី​សហគមន៍ ដែល​មិនទាន់​ដឹង​ច្បាស់​ថា តើ​ភរិយា​របស់​ឯកឧត្តម អគ្គនាយក​ពន្ធនាគារ បាន​ឆ្លង​ពី​នរណា​? ហើយ​និង​បាន​ចម្លង​ទៅ​នរណា​ខ្លះទៀត​? នេះ​ជា​ករណី ដែល​កំពុង​តាមដាន​បន្ត​។ ដូចជា​ករណី​ពន្ធនាគារ​ព្រៃ​ស ដែល​អាច​នឹងមាន​ហានិភ័យ ប្រសិនបើ​លោកជំទាវ​ភរិយា​អគ្គនាយក​ពន្ធនាគារ បាន​ទៅកាន់​ទីនោះ​។ ក៏ត្រូវ​តែមាន​ការធ្វើសកម្មភាព​បន្ទាន់​។ សង្ឃឹមថា ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល នឹងធ្វើ​សកម្មភាព​ភ្លាមៗ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវធ្វើ​សកម្មភាព​ភា្ល​មៗ ជាពិសេស​ខេត្តសៀមរាប បន្ទាយមានជ័យ គឺ​ដោយ​ជាមួយនឹង​អ្នក​ដែល​ចូលរួម​ប្រជុំ ស្នងការ​នគរបាល ហើយ​អាចមាន​ទៅដល់​ខេត្តមណ្ឌលគិរី ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើដំណើរ​របស់​សម្តេច​ក្រឡាហោម ស ខេង ទៅកាន់​ទីនោះ​»​។​

​ដូច្នេះ​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង ម្ខាង​កុំ​មានការ​ជ្រួលច្របល់ ដែល​នាំទៅដល់​ការគ្រប់គ្រង​ទីផ្សារ មិនបាន​ល្អ​។ ចិត្តសាស្ត្រ​ជ្រួលច្របល់ និង​ម្ខាង​ទៀត ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ហើយ​ខ្ញុំ​សូម​ដំណើរការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ដំណើរការ​រៀនសូត្រ និង​ធ្វើការ ក៏ប៉ុន្តែ​ត្រូវតែមាន​ការបង្កើន​ការប្រុងប្រយ័ត្ន អំពី​បញ្ហា​ពាក់ព័ន្ធ​ជាមួយនឹង​អនាម័យ នៅតាម​សាលារៀន​ទាំងនោះ ហើយ​បើសិន​ជាមាន​កិច្ចការ​ណា វា​មិន​ច្បាស់លាស់ ដែលមាន​ការសង្ស័យ ខ្ញុំ​នឹង​ចេញ​បទបញ្ជា​បន្ថែមទៀត តាម​ក្រោយ​»៕​

អត្ថបទដែលជាប់ទាក់ទង
កម្មវិធី​ស្មារតី​អមតៈ ២​ធ្នូ នៅ​ថ្ងៃទី​១-២ ខែធ្នូ នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ត្រូវ​ផ្អាក​!
ព័ត៌មានជាតិ
កម្ពុជា លើក​ពេល​បញ្ជូន​ម៉ាស និង​បរិក្ខារ​ពេទ្យ ទៅ​ប្រទេស​ទី​ម័​រលេ​ស្ត​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៥​នាក់ ពី​ស្ត្រី​ខ្មែរ​ម្នាក់ ដែលជា​ប្រពន្ធ​អគ្គនាយក​ពន្ធនាគារ​
ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ដាក់​សំណួរ ទាំង​ព្រលឹម ទាក់ទិន​ការ​បង្ហោះ​រូបភាព​អ្នកមាន​ជំងឺ​កូ​វីដ​ថា​៖ «​ឯណា​ទៅ​សីលធម៌​សង្គម​របស់​យើង​?»
ព័ត៌មានជាតិ
BREAKING NEWS: សារសំឡេង សម្តេចតេជោ ហ៊ុន សែន ណែនាំជុំវិញការរកឃើញករណីឆ្លងកូវីត១៩ លើភរិយាថ្នាក់ដឹកនាំពន្ធនាគារនៃក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអ្នកពាក់ព័ន្ធករណីកូវីដ១៩ថ្មី ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល ដោយសុំនៅក្នុងផ្ទះបើគ្មានភារៈកិច្ចចេញក្រៅ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី