(ខេត្តកំពង់ឆ្នាំង)៖ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីសង្ស័យពុលស្រាស បានកើតឡើង ក្នុងចំណោមអ្នក ដែលបានធូរស្រាលពីពុលហេតុការណ៍សង្ស័យពុល ដោយសារថ្នាំបាញ់ នៅចំការឪឡឹក នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍ពុលស្រាសនោះ បានបណ្តាលឲ្យស្លាប់បុរសម្នាក់។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នក ដែលបានធូរស្រាលពីពុលហេតុការណ៍សង្ស័យពុល ដោយសារថ្នាំបាញ់ នៅចំការឪឡឹក នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានទៅចូលរួមពិធីបុណ្យសពអ្នកដែលបានស្លាប់ម្នាក់ ពីហេតុការណ៍សង្ស័យពុលថ្នាំបាញ់នេះ។ ករណីសង្ស័យពុលស្រាសនេះ បានបណ្តាលឲ្យមានស្លាប់បាត់បង់ជីវិតម្នាក់ផងដែរ។
លោកជំទាវ ឱ វណ្ណឌីន បន្ថែមថា ទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ក្រុមការងារដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោកវេជ្ជបណ្ឌិត ង៉ូវ កាង អគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងសុខាភិបាល ធ្វើដំណើរចុះជួយពិនិត្យ និងអន្តរាគមន៍ជួយជាបន្ទាន់ ដោយតម្រូវឲ្យធ្វើដំណើរទាំងយប់នេះ និងបានពិភាក្សាជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ដើម្បីបញ្ឈប់ការលក់ និងចែកចាយស្រាសនោះ ជាបន្ទាន់ផងដែរ។
លោកជំទាវ ឱ វណ្ណឌីន បន្ថែមថា បច្ចុប្បន្ន អ្នកសង្ស័យថា ពុលស្រាចំនួន ០៤នាក់ (ស្រី ២នាក់ និងប្រុស ២នាក់) មានសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។
លោកជំទាវ ឱ វណ្ណឌីន បានប្រកាសអំពាវនាវ សូមបងប្អូនទាំងអស់ កុំពិសារស្រាស ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់បាត់បង់ជីវិត។
សូមរម្លឹកថា ករណីអ្នកសង្ស័យពុល ដោយសារថ្នាំបាញ់ នៅចំការឪឡឹក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានជនរងគ្រោះចំនួន ១៣នាក់ ( ស្រី ៨នាក់ និងប្រុស ៥នាក់ ) ដែលមានអាយុពី ៤ឆ្នាំ ដល់ ៥៣ឆ្នាំ ដោយមានស្លាប់ចំនួន ២នាក់ ( ស្រីទាំងពីរនាក់ ) និងអ្នកសម្រាកនៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំនួន ១០នាក់ ក្នុងនោះមានបុរស ១នាក់ មានសភាពធ្ងន់៕



