(ភ្នំពេញ)៖ «កត្តាកំណត់នៃសមត្ថភាពក្នុងការបំពេញភារកិច្ច មិនថាការងាររដ្ឋ មិនថាការងារឯកជន ឬក៏ការងារផ្សេងៗ កត្តាអាយុមិនមែនជាកត្តាកំណត់ទេ អ្វីដែលសំខាន់គឺភាពចាស់ទុំ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច អាយុគ្រាន់តែជាតួលេខ អ្នកខ្លះអាយុក្រាស់ ក៏ប៉ុន្តែភាពទទួលខុសត្រូវ និងភាពចាស់ទុំមានការខ្វះខាត ចឹងសូមចងចាំថា ការបំពេញភារកិច្ច និងជោគជ័យមិនមែនកត្តាអាយុ តែកត្តានៃភាពចាស់ទុំ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកទៅដល់សិស្សានុសិស្សក្នុងឱកាសកម្មវិធីបិទយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០ និងពិធីប្រកាសពានរង្វាន់គម្រោងទស្សនាទាន សាលាបរិស្ថានស្អាត នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅទីស្តីការក្រសួងបរិស្ថាន។
គោលបំណងរបស់យុទ្ធនាការភ្នំពេញស្អាត គឺប្រមូលផ្ដុំតួអង្គពាក់ព័ន្ធបង្កើតឱ្យមានសំឡេងតែមួយ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរួមមួយ គឺការរួមចំណែកលើកកម្ពស់បរិស្ថានជាពិសេសបញ្ហាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយ។ សម្រាប់នៅក្នុងឆ្នាំ២០២០នេះ គម្រោងបានដាក់ចេញនូវទិសស្លោកគន្លឹះថ្មីមួយគឺ “ស្អាត ជាទម្លាប់ថ្មី» ដើម្បីធ្វើការឆ្លើយជារួមទៅលើបញ្ហាបរិស្ថានគឺការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ផង ព្រមទាំងការប្រតិបត្តិរក្សាក្បួនអនាម័យស្អាតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ផង៕




