(ភ្នំពេញ)៖ ស្ថានទូតឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នៃខេត្តកាវបាងជាប់ព្រំដែន ចិន-វៀតណាម(មានចម្ងាយពីទីក្រុងហាណូយ៣៧០គីឡូម៉ែត្រជាប់ព្រំដែនចិន) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជូននារីខ្មែររងគ្រោះចំនួន៨នាក់ឲ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញតាមរថភ្លើង។ នារីខ្មែរទាំង៨រូបនេះ នឹងទៅដល់ទីក្រុងហូជីមិញវេលាម៉ោង៥ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយនៅទីនោះស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ នឹងជួយសម្រួលការធ្វើដំណើរបន្តទៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
សូមជម្រាបថា នារីខ្មែរទាំង៨នាក់នេះ ត្រូវបានអាជ្ញាធរខេត្តកាវបាងនៃប្រទេសវៀតណាម ជួយសង្រ្គោះនៅថ្ងៃទី៦ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ពួកគេត្រូវបានមេខ្យល់ឆបោកនាំពីប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែតុលា និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមផ្លូវលំក្បែរច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ឆ្ពោះទៅព្រំដែនវៀតណាម-ចិននៃខេត្តកាវបាង៕



