ភាគីវៀតណាម ​ឆ្លើយតបកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ តាមការស្នើសុំបញ្ជាក់ពីភាគីកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ភាគីវៀតណាមបានឆ្លើយតបថា ខ្លួនបាននិងកំពុងសិក្សាគម្រោង នេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។ ​នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសហប្រធានជាមួយភាគីវៀតណាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរបស់ភាគីកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅ ច្រកទ្វារព្រំដែនសំដៅឱ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។

ឯកឧត្ដមបានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាមក៏បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន របស់ខ្លួនផងដែរ ដោយហេតុថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ 

ឯកឧត្ដមបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការបានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
ប្រធានាធិបតីចិន លោកស៊ី ជីនពីង ផ្ញើសាររអបអរសាទរជូន លោក ចូ បៃដិន ក្នុងការឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
​នេះហើយ! ត្រីរាជ ​ជាស្តេចពិតក្នុងទឹកទន្លេនៅតែកាន់កាប់កំណត់ត្រា ហ្គីនណេស ​ថាជាត្រីទឹកសាបធំជាងគេបំផុតនៅលើពិភពលោក
ព័ត៌មានជាតិ
កូរ៉េ នៅតែ​ទទួល​ពលករ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ពលករ​កម្ពុជា​ជិត ៥​ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​ទីនោះ​
ព័ត៌មានជាតិ
តំណាងកម្ពុជាលើកឡើង ៣ចំណុច ​ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត​ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចំណាយ​ជាង ១៣៥​លាន​ដុល្លារ​រួចហើយ ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុង​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC តាមប្រព័ន្ធវីដេអូ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី