(ភ្នំពេញ)៖ គម្រោងអច្ឆរិយៈភាពនៃទន្លេមេគង្គ (Wonders of the Mekong) នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ បានបង្ហាញរូបភាពត្រីរាជដ៏ធំសម្បើមមួយក្បាល ដែលនៅតែកាន់កាប់កំណត់ត្រាក្នុងសៀវភៅហ្គីនណេស ថាជាត្រីទឹកសាបធំជាងគេបំផុតនៅលើពិភពលោក។
ទំព័រហ្វេសប៊ុក Wonders of the Mekong បានលើកឡើងថា «បន្តការធ្វើដំណើររបស់យើងចុះក្រោមនៅតាមដងទន្លេមេគង្គ ពីភាគខាងជើងទៅខាងត្បូង យើងសំចតនៅឈៀងខុង ស្ថិតនៅភាគខាងជើងប្រទេសថៃ ជាកន្លែងដែលត្រីរាជដ៏ធំសម្បើមមួយក្បាលត្រូវគេចាប់បានក្នុងឆ្នាំ២០០៥។ មកដល់ពេលនេះ វានៅតែកាន់កាប់កំណត់ត្រាក្នុងសៀវភៅហ្គីនណេស ថាជាត្រីទឹកសាបធំជាងគេបំផុតនៅ លើពិភពលោក ដែលវាមាន ទំងន់ ២៩៣គីឡូក្រាម (ប្រមាណ ៦៤៦ផោន)»។
ប្រភពដដែលបានបន្តថា ត្រីរាជ ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pangasianodon gigas គឺជាស្តេចពិតក្នុងទឹកទន្លេ ប៉ុន្តែវាមានវាសនា ដូចគ្នាដែរ ទៅនឹងត្រីយក្សផ្សេងៗទៀតក្នុងទន្លេមេគង្គដែល កំពុងក្លាយប្រភេទត្រីងាយផុតពូជ ដោយសារ ការនេសាទហួសប្រមាណ ការបំផ្លាញទីជម្រក និងការសាងសង់ទំនប់ ដែលរារាំងការផ្លាស់ទីរបស់ពួកវា។
កាលពីដើមឆ្នាំនេះ គម្រោងអច្ឆរិយៈភាពនៃទន្លេមេគង្គ បានបោះផ្សាយការសិក្សានៅក្នុងទស្សនាវត្ដីឈ្មោះ Water ដែលក្នុងនោះអ្នកនេសាទជិត ១០០នាក់នៅភាគខាងជើងប្រទេសកម្ពុជាត្រូវបានសម្ភាសន៍។ ការសិក្សានោះបានបង្ហាញថាត្រីចំនួន៨ប្រភេទ ដែលរស់នៅក្នុងទន្លេមេគង្គ ដែលលូតលាស់ធំធាត់រហូតដល់ទំងន់ជាង ៣០គីឡូ គឺកាន់តែកម្រទៅៗហើយ។
អ្នកវិទ្យាសាស្ត្រព្រមានថា វិធានការអភិរក្សជាបន្ទាន់គឺត្រូវការជាចាំបាច់ ដើម្បីជួយសង្គ្រោះត្រីយក្សដ៏អស្ចារ្យទាំងនេះមុនពេលពួកវាបាត់សាបសូន្យជារៀងរហូត៕
រូបភាពថតដោយ ស៊ូថេប គ្រីតសាណាវ៉ារិន



