រដ្ឋមន្ត្រី​សុខាភិបាល​៖ ម៉ាស និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ជា​អំណោយ​របស់​កម្ពុជា ដល់​មី​យ៉ាន់​ម៉ា នាពេលនេះ គឺ​សំខាន់​ណាស់​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកឡើងថា ម៉ាស និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ដែល​កម្ពុជា ផ្តល់​ឲ្យ​មី​យ៉ាន់​ម៉ា នាពេលនេះ គឺ​សំខាន់​ណាស់ សម្រាប់​ការពារ​ជំងឺ ពិសេស​ម៉ាស សម្រាប់​ការពារ​ការចម្លង​ពី​ប្រជាពលរដ្ឋ ទៅ​ប្រជាពលរដ្ឋ ហើយ​ម៉ាស​សម្រាប់​គ្រូពេទ្យ ក្នុងការ​បំពេញភារកិច្ច​ការងារ​ថែទាំ​អ្នកជំងឺ ក៏ដូចជា​យក​សម្ភារៈ រួមទាំង​សម្ភារៈ​បរិក្ខា​ពេទ្យ ជាច្រើន​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​សុខាភិបាល បាន​ថ្លែង​ដូច្នេះ ក្នុងពេល​ឯកឧត្តម បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ធ្វើដំណើរ​តាម​យន្តហោះ​ពិសេស Cambodia Airway ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ព្រលឹម​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ ទៅកាន់​ទីក្រុង​ណៃ​ពិដោរ ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​នាំយក​ម៉ាស ២​លាន និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ១២​មុខ​ទៀត ជូន​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា សម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។​

​ក្នុង​លិខិត​ជម្រាបជូន​លោកជំទាវ អោ​ង សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​ខ្ញុំ​សូម​សំដែង​ជាថ្មី​ម្តងទៀត​នូវ​ការអបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​ជូន​លោកជំទាវ ចំពោះ​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​សកល​នៅ​មី​យ៉ាន់​ម៉ា នាពេល​ថ្មីៗ​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ភាពជា​អ្នកដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព​របស់លោក​ជំទាវ​ក្នុង​ការដឹកនាំ​មី​យ៉ាន់​ម៉ា ឆ្ពោះទៅរក​ភាព​រីកចម្រើន​ដ៏​ប្រសើរ​ក្នុង​កិច្ច​ផ្សះផ្សារ និង​កសាង​ជាតិ​។ ខ្ញុំ​ក៏​សូម​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ធ្វើ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកជំទាវ ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​តំបន់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​កាន់តែច្រើន​ថែមទៀត សម្រាប់​ប្រទេស​យើង​ទាំងពីរ និង​វិបុលភាព​ដ៏​ធំធេង​សម្រាប់​សហគមន៍​អាស៊ាន​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា «​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរអង្វែង ក៏ដូចជា​ការ​រួមដៃគ្នា​ជាមួយ​លោកជំទាវ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស​ចំនួន ២.០០០.០០០ ( ពីរលាន ) និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ទន្ទឹមនេះ ខ្ញុំ​បាន​ចាត់តាំង​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​យន្តហោះ​ពិសេស​។ ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​នេះ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​ទទួលបាន​នូវ​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​»​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចាត់តាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត នាំយក​ម៉ាស​ជាង ២​លាន និង​សម្ភារៈ​ពេទ្យ​មួយចំនួនទៀត ដឹក​តាម​យន្តហោះ​ពិសេស យកទៅ​ជូន​រដ្ឋាភិបាល​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍ ផងដែរ​៕

( រូបថត​៖ Fresh News )​


អត្ថបទដែលជាប់ទាក់ទង
កូរ៉េ នៅតែ​ទទួល​ពលករ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ពលករ​កម្ពុជា​ជិត ៥​ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​ទីនោះ​
ព័ត៌មានជាតិ
តំណាងកម្ពុជាលើកឡើង ៣ចំណុច ​ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត​ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចំណាយ​ជាង ១៣៥​លាន​ដុល្លារ​រួចហើយ ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុង​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC តាមប្រព័ន្ធវីដេអូ ​
ព័ត៌មានជាតិ
ភាគីវៀតណាម ​ឆ្លើយតបកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ​
ព័ត៌មានជាតិ
អ្នក​មកពី​ក្រៅប្រទេស​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល ដែល​ក្រសួងសុខាភិបាល រៀបចំ​ឲ្យ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី