(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអនុញ្ញាត្តឲ្យលោកបណ្ឌិត លី ឃុន អគ្គនាយកក្រុមហ៊ុនអាកាសចរ ឡានម៉ី អែរឡាញ មកទទួលលិខិតថ្លែងអំណរគុណរបស់រាជរដ្ឋាភិបាល ក្នុងឱកាសដែលក្រុមហ៊ុនបានឧបត្ថមការហោះហើរជាមនុស្សធម៌ចំនួន ០២ជើង ដើម្បីដឹកជញ្ជូនម៉ាសចំនួន ២លាន ១សែន និងបរិក្ខាពេទ្យសរុប១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាយកទៅជូនរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក្នុងនាមរដ្ឋាភិបាល ក៏ដូចក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរ ឡានម៉ី អែរឡាញដែលបានឆ្លើយតបទាន់ពេលវេលា និងឆាប់រហ័ស តាមសំណូមពររបស់រដ្ឋាភិបាល ក្នុងការដឹកជញ្ជួន សម្ភារៈបរិក្ខាខាងលើទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាព។
លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអាកាសចរ ឡានម៉ី អែរឡាញ ដែលបានសហការល្អជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងចុងបញ្ចប់ឯកឧត្តមបណ្ឌិត បានជូនពរឲ្យក្រុមហ៊ុន ជោគជ័យក្នុងធុរកិច្ចរបស់ខ្លួនជានិច្ចនិរន្ត៕




