(សៀមរាប)៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក អ៊ួន បឋម ដែលបងប្អូនស្គាល់ថា សាយ បានមកដល់ក្រុងសៀមរាប ក្នុងបេសកកម្មរត់បស់ខ្លួនដែលមានឈ្មោះថា "រត់ដើម្បីមនុស្សធម៌ជាមួយសាយ" ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងធ្វើសកម្មភាពព្យាបាលកុមារដោយឥតគិតថ្លៃ។
មកដល់ខេត្តសៀមរាប ជាខេត្តដែលមន្ទីរពេទ្យកុមារអង្គរស្ថិតនៅ សាយ ត្រូវបានអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បងប្អូនប្រជាពលរដ្ឋ ស.ស.យ.ក. ខេត្តសៀមរាប ក៏ដូចជាអាជ្ញាធររដ្ឋបាលខេត្តដោយមានការចូលរួមរត់ដោយផ្ទាល់ពីសំណាក់លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។
គិតត្រឹមម៉ោង ៨:០០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ថវិកាដែលរៃអង្គាសបានមានទឹកប្រាក់សរុបចំនួន ៤០៥ ៥៧៩ដុល្លារអាមេរិក ត្រូវបានផ្ដល់ជូនទៅកាន់មន្ទីពេទ្យកុមារអង្គរ។
ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមការងារ #រត់ជាមួយសាយ និងមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមយ៉ាងផុសផុលក្នុងការងារមនុស្សធម៌មួយនេះ ដែលបានបង្ហាញយ៉ាងច្បាស់ពីសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលតែងតែចេះជួយគ្នាក្នុងគ្រាលំបាក៕




