(ភ្នំពេញ)៖ ជាចៅនៃសម្តេច នរោត្តម ចក្រពង្ស ហើយត្រូវជាចៅទូតនៃ សម្តេចឪ ព្រះនរោត្តម សីហនុ ឥឡូវនេះ ព្រះនាងនរោត្តម ជេនណា កំពុងមានប្រជាប្រិយភាពលើវិថីសិល្បៈជាខ្លាំង ដោយសារតែមានរូបសម្រស់ដ៏ស្រស់ស្អាត ព្រមទាំងសមត្ថភាពជាច្រើនស្ទើរមិនគួរឲ្យជឿទាំងវ័យក្មេងរបស់ទ្រង់។
មហាជនទូទៅចាប់ផ្តើមស្គាល់ព្រះនាង តាមរយៈទេពកោសល្យផ្នែកសិល្បៈយ៉ាងពិសេសរបស់ទ្រង់ ដែលអាចច្រៀងចម្រៀងជាភាសាខ្មែរបានយ៉ាងពីរោះ ថែមទាំងអាចនិយាយ និងច្រៀងជាភាសាបរទេសបានដូចជា បារាំង ចិន ថៃ និងអង់គ្លេសបានយ៉ាងល្អ។
ក្រៅពីមានទឹកដមសំឡេងដ៏ក្រអួនក្រអៅ ទ្រង់អាចសម្តែងភាពយន្ត រាំរបាំបុរាណ អាចធ្វើជាម៉ូដែលបង្ហាញម៉ូត និងពេលទំនេរ ចូលចិត្តរាំចង្វាក់បរទេសទាន់សម័យបែប K-Pop ផងដែរ។
ដោយសារតែទេពកោសល្យសិល្បៈដ៏ប៉ិនប្រសព្វពីធម្មជាតិ និងរូបសម្រស់ដ៏ផូផង់របស់ទ្រង់ ព្រះនាងតូច នរោត្តម ជេនណា បានក្លាយជាពន្លកតារាថ្មីវ័យក្មេង ដែលទទួលបានការគាំទ្រយ៉ាងច្រើន នាពេលបច្ចុប្បន្ន។
សូមជម្រាបជូនថា ព្រះនាងនរោត្តម ជេនណា ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និងជាចៅទួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ទ្រង់ប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ មកដល់បច្ចុប្បន្ន ទ្រង់មានព្រះជន្ម ៩ព្រះវស្សាហើយ៕




